ចិន ត្រៀមផលិតយន្តហោះចម្បាំងបំបាំងកាយ J-35 ទ្រង់ទ្រាយធំ

ប៉េកាំង ៖ ប្រទេសចិនកំពុងត្រៀមចាប់ផ្តើមផលិតយន្តហោះចម្បាំងបំបាំងកាយ J-35 ដែលជាយន្តហោះទំនើបបំផុតជំនាន់ទី ៥ របស់ខ្លួន ក្នុងលក្ខណៈទ្រង់ទ្រាយធំនៅឆ្នាំ ២០២៦ នេះ ។

បើតាមកាសែត South China Morning Post, យន្តហោះចម្បាំងបំបាំងកាយ J-35 នឹងត្រូវផលិតឡើងដោយក្រុមហ៊ុនសាជីវកម្ម Shenyang ហៅកាត់ SAC ខណៈដែលរោងចក្រផលិតយន្តហោះមួយនេះនឹងគ្របដណ្តប់នៅលើផ្ទៃដីជិត ៨០ គីឡូម៉ែត្រការ៉េ ។

យន្តហោះ J-35 ផលិតឡើងក្នុងគោលបំណងធ្វើជាឆ្អឹងខ្នងដ៏រឹងមាំ សម្រាប់កងទ័ពអាកាស និងកងទ័ពជើងទឹករបស់ប្រទេសចិន ។ ពេលបញ្ចប់ការផលិត, យន្តហោះ J-35 គ្រោងនឹងដាក់ពង្រាយនៅលើនាវា Fujian ដែលជានាវាផ្ទុកយន្តហោះចម្បាំងចិនដំបូងបំផុត មានបំពាក់ប្រព័ន្ធអេឡិចត្រូម៉ាញ៉េទិច ដែលអាចឱ្យយន្ដហោះហោះចេញពីនាវាក្នុងល្បឿងយ៉ាងលឿន ។

J-35 ជាយន្តហោះមានម៉ាស៊ីនភ្លោះ និងមានល្បឿនលឿនជាងសំឡេងចាប់ពី ១.៨ ដងទៅ ២.២ ដង ។ វាមានសមត្ថភាពហោះហើរក្នុងចម្ងាយចាប់ពី ១,២០០ ទៅ ១,៣៥០ គីឡូម៉ែត្រ និងមានទម្ងន់ពី ៣០ ទៅ ៣៥ តោនក្នុងមួយគ្រឿង ។

យន្តហោះ J-35 មានសមត្ថភាពផ្ទុកទម្ងន់បាន ៨ ពាន់គីឡូក្រាម និងអាចប្រើប្រាស់ជាមួយមីស៊ីលបាញ់ពីអាកាសទៅអាកាសបានច្រើនប្រភេទ រួមមាន PL-10, PL-15 និង PL-21 ។

ចំណែកអតិថិជនដំបូងដែលបញ្ជាទិញយន្តហោះចម្បាំងបំបាំងកាយ J-35 របស់ចិន គឺប្រទេសប៉ាគីស្ថាន ខណៈពីឡុតប៉ាគីស្ថានក៏បាននឹងកំពុងហាត់ហ្វឹកហ្វឺនហោះហើរនៅក្នុងប្រទេសចិន ចាប់តាំងពីខែមិថុនា ឆ្នាំ ២០២៥ មកម្ល៉េះ ។

នៅពេលដាក់ដំណើរការយន្តហោះ J-35 ជាផ្លូវការ, ចិននឹងក្លាយជាប្រទេសទី ២ នៅលើពិភពលោក បន្ទាប់ពីសហរដ្ឋអាមេរិក ដែលមានយន្តហោះចម្បាំងបំបាំងកាយចំនួន ២ ប្រភេទ នៅក្នុងប្រតិបត្តិការយោធា ៕

ប្រភព ៖ South China Morning Post