វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានប្តេជ្ញាថា ប្រទេសរបស់លោកនឹងប្រើគ្រប់វិធីសាស្រ្ត ដើម្បីក្រសោបយកកោះ Greenland ឱ្យខានតែបាន ដោយលោកព្រមានធ្ងន់ៗថា បើសិនទីក្រុងវ៉ាស៊ីនតោនមិនធ្វើសកម្មភាពទេ នោះរុស្ស៊ី និងចិន នឹងចូលកាន់កាប់កោះយុទ្ធសាស្រ្តមួយនេះជាក់ជាមិនខាន ។
មេដឹកនាំអាមេរិករូបនេះ បានប្រាប់អ្នកសារព័ត៌មាននៅលើយន្តហោះ Air Force One កាលពីថ្ងៃអាទិត្យថា ការគ្រប់គ្រងដែនដីដាណឺម៉ាកដ៏សម្បូរធនធានរ៉ែមួយនេះ មានសារៈសំខាន់បំផុតសម្រាប់សន្តិសុខជាតិអាមេរិក នៅចំពោះមុខសកម្មភាពយោធាកើនឡើងនៅតំបន់អាក់ទិក ។
លោក ត្រាំ ដែលមានវ័យ៧៩ឆ្នាំរូបនេះ បានសង្កត់ធ្ងន់ទៀតថា បើមិនមែនយើងទេ រុស្ស៊ី ឬចិននឹងយក ហើយខ្ញុំនឹងមិនបណ្តោយឱ្យរឿងនោះកើតឡើងទេ ។ ដូច្នេះហើយ កោះ Greenland គួរតែធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក បើសិនកោះនេះ មិនចង់ឃើញរុស្ស៊ី ឬចិន គ្រប់គ្រងនោះទេ ។
ក្រៅពីប្រើយុទ្ធសាស្រ្តសម្លុតគំរាម មន្ត្រីអាមេរិក រួមទាំងទីប្រឹក្សាសេតវិមានកាលពីថ្ងៃអាទិត្យ ក៏បានជួបប្រជុំគ្នា ដើម្បីពិភាក្សាអំពីផែនការទិញទឹកចិត្តអ្នកកោះ Greenland ក្នុងម្នាក់ដល់ទៅ ១០០,០០០ដុល្លារ ដើម្បីបញ្ចុះបញ្ចូលពួកគេឲ្យផ្ដាច់ខ្លួនចេញពីប្រទេសដាណឺម៉ាក ។
កោះ Greenland គឺជាទឹកដីស្វយ័តរបស់ប្រទេសដាណឺម៉ាក ដែលមានប្រជាជនរស់នៅចំនួន ៥៧,០០០នាក់ និងមានផ្ទៃដីប្រហែល ២,១៦០,០០០ គីឡូម៉ែត្រការ៉េ ដែលធំជាងប្រទេសម៉ិកស៊ិក និងធំជាងរដ្ឋតិចសាសរបស់សហរដ្ឋអាមេរិកជាង ៣ ដង ៕
ប្រភព ៖ The Straits Times

Leave a Reply