តេហរ៉ង់ ៖ អ៊ីរ៉ង់បានអះអាង កាលពីថ្ងៃអង្គារ ថា អាមេរិកកំពុងស្វែងរកលេស ដើម្បីអាចធ្វើអន្តរាគមន៍យោធា មកលើប្រទេសរបស់ខ្លួន។
ការចោទប្រកាន់នេះ បានធ្វើឡើង បន្ទាប់ពីប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បានគំរាមកំហែង ពីការមានសកម្មភាពដ៏ខ្លាំងក្លា ឆ្លើយតបនឹងការបង្រ្កាបដ៏សាហាវ ទៅលើសកម្មភាពបាតុកម្មតវ៉ាដ៏ធំ។
«ការស្រមើស្រមៃ និង គោលនយោបាយរបស់សហរដ្ឋអាមេរិក ចំពោះប្រទេសអ៊ីរ៉ង់ ត្រូវបានចាក់ឫសនៅក្នុងការផ្លាស់ប្តូររបប ដោយមានការដាក់ទណ្ឌកម្ម, ការគំរាមកំហែង, ភាពចលាចលដែលបានរៀបចំឡើង និង ភាពវឹកវរដែលបម្រើ ជារបៀបប្រតិបត្តិការ ដើម្បីបង្កើតលេស សម្រាប់ការអន្តរាគមន៍យោធា» នេះបើតាម បេសកជនអ៊ីរ៉ង់ ប្រចាំនៅអង្គការសហប្រជាជាតិ ដែលបានបង្ហោះ លើបណ្តាញសង្គម X។ ប្រភពបានអះអាងថា ផែនការរបស់ទីក្រុងវ៉ាស៊ីនតោននឹង បរាជ័យ ម្តងទៀត។
ការលើកឡើងនេះ ចំពេលដែល លោក Donald Trump បានព្រមានថា អាមេរិកនឹងប្រើប្រាស់កម្លាំងយោធា ទៅលើប្រទេសអ៊ីរ៉ង់ ដែលកំពុងមានបាតុកម្ម ស្លាប់មនុស្សរាប់សិបនាក់។
អង្គការសិទ្ធិមនុស្សអ៊ីរ៉ង់ IHR ដែលមានមូលដ្ឋាន នៅប្រទេសន័រវេស បាននិយាយ កាលពីថ្ងៃអង្គារថា អំឡុងបាតុកម្ម ដែលផ្ទុះឡើង តាំងពីចុងខែធ្នូ ឆ្នាំ២០២៥, មនុស្ស យ៉ាងតិច ៧៣៤ នាក់ត្រូវបានសម្លាប់ ទោះបីជាចំនួនអ្នកស្លាប់ពិតប្រាកដ ទំនងជាអាចចូលដល់ពាន់នាក់ ក៏ដោយ៕
ប្រភពពី AFP

Leave a Reply