ជប៉ុន និងកូរ៉េខាងត្បូង ប្តេជ្ញាពង្រឹងទំនាក់ទំនងសន្តិសុខ និងសេដ្ឋកិច្ច ទប់ទល់ភាពតានតឹងក្នុងតំបន់

តូក្យូ ៖ ជប៉ុន និងកូរ៉េខាងត្បូង នៅថ្ងៃអង្គារ បានបង្ហាញពីគោលបំណងប្តេជ្ញាពង្រឹងទំនាក់ទំនងផ្នែកសន្តិសុខ និងសេដ្ឋកិច្ច ដើម្បីទប់ទលភាពតានតឹងខ្លាំងឡើងនៅតំបន់អាស៊ីបូព៌ា បន្ទាប់ពីកិច្ចប្រជុំកំពូលរវាងមេដឹកនាំទាំងពីរ កាលពីថ្ងៃអង្គារ ។

ជំនួបកំពូលនេះ កើតឡើងមួយសប្តាហ៍បន្ទាប់ពីមេដឹកនាំកូរ៉េខាងត្បូង លោក Lee Jae Myung បានជួបជាមួយប្រធានាធិបតីចិន លោក Xi Jinping ស្របពេលដែលទំនាក់ទំនងរវាងទីក្រុងតូក្យូ និងប៉េកាំង ស្ថិតក្នុងស្ថានភាពតានតឹង ពាក់ព័ន្ធនឹងបញ្ហាកោះតៃវ៉ាន់ ។

បើតាមសារព័ត៌មាន The straits times, នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និងប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានពិភាក្សា អំពីខ្សែច្រវាក់ផ្គត់ផ្គង់ឧស្សាហកម្ម បច្ចេកវិទ្យា AI ការលុបបំបាត់អាវុធនុយក្លេអ៊ែរ នៅឧបទ្វីបកូរ៉េ និងកិច្ចសហប្រតិបត្តិការជាមួយសម្ព័ន្ធមិត្តរួមគ្នា គឺសហរដ្ឋអាមេរិក ។

ក្នុងសេចក្តីប្រកាសរួមគ្នា មេដឹកនាំទាំងពីរបានលើកឡើងពីសារៈសំខាន់នៃទំនាក់ទំនងជប៉ុន-កូរ៉េខាងត្បូង ក៏ដូចជាកិច្ចសហប្រតិបត្តិការរវាងជប៉ុន កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិកនៅតែបន្តរីកចម្រើន ។

បន្ថែមលើនេះ លោកប្រធានាធិបតី Lee ដែលគ្រោងនឹងចំណាយពេលទស្សនកិច្ច ២ថ្ងៃនៅជប៉ុន បានអះអាងថា មេដឹកនាំទាំងពីរក៏នឹងបង្កើនកិច្ចសហប្រតិបត្តិការ ដើម្បីប្រយុទ្ធប្រឆាំងនឹងការឆបោកតាមប្រព័ន្ធអ៊ីនធឺណិត ដែលបានកំណត់គោលដៅលើជនរងគ្រោះឆ្លងកាត់ព្រំដែនផងដែរ ៕

ប្រភព ៖ The Straits Times