បារាំងផ្តើមរើសយុវជនចូលបម្រើយោធាបន្ថែម ៣ ពាន់នាក់ ហើយរំពឹងកើនដល់ ៤ ម៉ឺននាក់នៅឆ្នាំ ២០៣៥

ប៉ារីស ៖ ប្រទេសបារាំង នៅថ្ងៃចន្ទ បានចាប់ផ្តើមយុទ្ធនាការមួយ ដើម្បីជ្រើសរើសយុវជនចូលបម្រើយោធាដោយស្ម័គ្រចិត្តប្រមាណ ៣,០០០នាក់នៅឆ្នាំនេះ ហើយរំពឹងថា នឹងកើនឡើងបន្តិចម្តងៗរហូតដល់ ៤០.០០០នាក់នៅឆ្នាំ២០៣៥ ។

បើតាមសារព័ត៌មាន The straits times, កម្មវិធីនេះ ផ្តោតលើប្រជាជនវ័យក្មេង ដែលមានអាយុចាប់ពី១៨ និង១៩ឆ្នាំ ដែលត្រូវបានដាក់ចេញនៅឆ្នាំ២០២៦នេះ ខណៈដែលប្រទេសបារាំងមានគោលបំណងជំរុញការការពារជាតិ ស្របពេលមានការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែននៅតែបន្ត ។

ជាមួយគ្នានេះ រដ្ឋមន្ត្រីការពារជាតិបារាំង លោកស្រី Catherine Vautrin និយាយថា យុវជនបារាំងមានឆន្ទៈចង់បម្រើការងារនេះ និងថា យុវជនជំនាន់ថ្មីបានត្រៀមរួចរាល់ដើម្បីក្រោកឈរឡើងសម្រាប់ប្រទេសរបស់ពួកគេ ។

យោងតាមការលើកឡើងរបស់ក្រសួងការពារជាតិបារាំង, អ្នកស្ម័គ្រចិត្តទាំងអស់ នឹងចូលបម្រើយោធារយៈពេល ១០ខែ ទាំងនៅក្នុងប្រទេសបារាំង និងនៅបរទេស ជាមួយនឹងការទទួលបានលុយឧបត្ថម្ភជាង ៩០០ដុល្លារក្នុងមួយខែ ។

ក្នុងកំឡុងការហាត់ហ្វឹកហ្វឺននេះ ក្រសួងការពារជាតិបារាំងនឹងផ្តល់ឱ្យពួកគេនូវឱកាស ដើម្បីទទួលបានបទពិសោធន៍ពាក់ព័ន្ធនឹងសកម្មភាពយោធានានា រួមទាំងការធ្វើសមយុទ្ធបាញ់ដោយកាំភ្លើងសិប្បនិម្មិតជាដើម ។

បើតាមប្រមុខការពារជាតិបារាំង, យុទ្ធនាការជ្រើសរើសយុវជនចូលបម្រើយោធាដោយស្ម័គ្រចិត្តនេះ ត្រូវបានរំពឹងថា នឹងចំណាយថវិកាប្រមាណ ១៧៤លានដុល្លារក្នុងឆ្នាំ២០២៦នេះ និងពីចាប់ឆ្នាំ២០២៦ ដល់ឆ្នាំ២០៣០ ត្រូវបានព្យាករថា នឹងកើនឡើងច្រើនជាង ២.៦ពាន់លានដុល្លារ ៕

ប្រភព ៖ The Straits Times