មូស្គូ ៖ ប្រមុខការទូតកំពូលរុស្ស៊ីបានចេញមុខចោទប្រកាន់ចំៗថា រដ្ឋបាលលោកប្រធានាធិបតី ដូណាល់ ត្រាំ កំពុងកម្ទេចប្រព័ន្ធអន្តរជាតិដែលសហរដ្ឋអាមេរិកបានជួយបង្កើតឡើង ហើយថែមទាំងបំផ្លាញពិភពលោកទាំងមូល ក្រោយផ្តួលរំលំមេដឹកនាំវេណេស៊ុយអេឡា លោក នីកូឡាស់ ម៉ាឌូរ៉ូ និងសម្លុតគំរាមវាយប្រហារអ៊ីរ៉ង់ ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergei Lavrov បានរិះគន់ធ្ងន់ៗចំពោះប្រតិបត្តិការខុសច្បាប់ ជុំវិញការចាប់ខ្លួនលោកប្រធានាធិបតី ម៉ាឌូរ៉ូ របស់អាមេរិក ថាជាការរំលោភបំពានច្បាប់អន្តរជាតិយ៉ាងធ្ងន់ធ្ងរ ហើយថា រុស្ស៊ីនៅតែប្តេជ្ញាចិត្តគាំទ្រវេណេស៊ុយអេឡា ដែលជាសម្ព័ន្ធមិត្តរបស់រុស្ស៊ី ។
លោក Lavrov ដែលកាន់តំណែងប្រមុខការទូតរុស្ស៊ីចាប់តាំងពីឆ្នាំ ២០០៤ បានសង្កត់ធ្ងន់ទៀតថា សណ្តាប់ធ្នាប់អន្តរជាតិទាំងមូល រួមជាមួយសកលភាវូបនីយកម្ម កំពុងត្រូវបានបំផ្លាញចោល ដូចជាទឹកបង្ហូរចូលទៅក្នុងលូ ហើយឥឡូវនេះ ពិភពលោកកំពុងបែកខ្ញែក ។
នៅពេលត្រូវបានសាកសួរអំពីការគំរាមកំហែងរបស់អាមេរិកប្រឆាំងនឹងអ៊ីរ៉ង់ អ្នកការទូតចាស់វស្សារុស្ស៊ីរូបនេះ បានអះអាងថា ទីក្រុងមូស្គូត្រូវបន្តធ្វើការជាមួយអ៊ីរ៉ង់ ដើម្បីអនុវត្តកិច្ចព្រមព្រៀងទ្វេភាគីរបស់ប្រទេសទាំងពីរ ទប់ទល់ការសម្លុតគំរាមរបស់សហរដ្ឋអាមេរិក ហើយលោកក៏បានព្រមានដែរថា គ្មានប្រទេសណាមួយ អាចផ្លាស់ប្តូរចំណងមិត្តភាពរវាងរុស្ស៊ី និងអ៊ីរ៉ង់បានទេ ៕
ប្រភព ៖ The Straits Times

Leave a Reply