ណៃពិដោ ៖ មេដឹកនាំរបបយោធា នៅប្រទេសមីយ៉ាន់ម៉ា បានអះអាង នៅថ្ងៃអាទិត្យនេះថា ការបោះឆ្នោត គឺជាផ្លូវដែលប្រជាជនប្រទេសមួយនេះ ជ្រើសរើស។
ថ្លែងប្រាប់អ្នកយកព័ត៌មាន នៅឯការិយាល័យបោះឆ្នោតមួយកន្លែង ស្ថិតក្នុងទីក្រុង មេនដាឡៃ អំឡុងពេលការបោះឆ្នោត ជុំចុងក្រោយ, លោក Min Aung Hlaing ប្រមុខដឹកនាំយោធា បានមានប្រសាសន៍ថា «ការបោះឆ្នោត របស់ប្រទេសនេះ គឺជាផ្លូវ ដែលប្រជាជនជ្រើសរើស»។ លោកបានបន្តថា «ប្រជាជនមីយ៉ាន់ម៉ា អាចគាំទ្រអ្នកណា ដែលពួកគេចង់គាំទ្រ»។
ការលើកឡើង របស់មេដឹកនាំ របបយោធាមីយ៉ាន់ម៉ា រូបនេះ បានធ្វើឡើង បន្ទាប់ពីមានការរិះគន់ ក្នុងប្រទេស និងក្រៅប្រទេស ថា ដំណើរការបោះឆ្នោតនេះ គឺជាល្បិចកល ដើម្បីគ្រាន់តែប្តូរឈ្មោះ ពីការគ្រប់គ្រង បែបយោធា។
នៅថ្ងៃអាទិត្យ ទី២៥ ខែមករា នេះ, ប្រទេស មីយ៉ាន់ម៉ា បានបើកការប្រកួត ជុំចុងក្រោយ នៃការបោះឆ្នោត រយៈពេលមួយខែ។
ប្រជាជាតិ នៅអាស៊ីអាគ្នេយ៍ មួយនេះ មានប្រវត្តិគ្រប់គ្រងដោយយោធា ជាយូរមកហើយ។ ចុងក្រោយនេះ មានរដ្ឋប្រហារ យោធា ឆ្នាំ២០២១ នាំឲ្យមានសង្រ្គាមស៊ីវិល ផ្ទុះឡើង រវាងយោធា និង ក្រុមបះបោរ ប្រឆាំងនឹងរបបសឹក។ ការណ៍នេះ ជាហេតុនាំឲ្យប្រទេស មីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្តិមនុស្សធម៌៕
ប្រភពពី AFP

Leave a Reply