ក្រសួងការបរទេសចិនបានរិះគន់ក្រុមប្រទេសខ្វាដ(Quad) សម្រាប់ការបង្កើតភាពតានតឹងក្នុងតំបន់

ក្រសួងការបរទេសចិនកាលពីថ្ងៃចន្ទសប្ដាហ៍នេះ បានរិះគន់ក្រុមប្រទេសនៃកិច្ចសន្ទនាសន្តិសុខ៤ប្រទេសហៅកាត់ថាខ្វាត(Quad) សម្រាប់ការបង្កើតភាពតានតឹងនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក។

អ្នកនាំពាក្យក្រសួងខាងលើលោក លី ចៀន ( Lin Jian) បាននិយាយថា សហរដ្ឋអាមេរិក ជប៉ុន អូស្ត្រាលី និងឥណ្ឌា ទាមទារបង្កើត “ឥណ្ឌូប៉ាស៊ីហ្វិកដោយសេរី និងបើកចំហ” ប៉ុន្តែតាមពិតពួកគេកំពុងបង្កើតភាពតានតឹង ញុះញង់ឱ្យមានការប្រឆាំង និងការប្រឈមដាក់គ្នា និងទប់ស្កាត់ការអភិវឌ្ឍន៍របស់ប្រទេសដទៃទៀត។ លោក Lin បានប្រាប់សន្និសីទសារព័ត៌មានប្រចាំថ្ងៃថា នោះដើរផ្ទុយនឹងនិន្នាការស្វែងរកសន្តិភាព ការអភិវឌ្ឍន៍ កិច្ចសហប្រតិបត្តិការ និងវិបុលភាពនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិក ហើយនឹងមិនទទួលបានការគាំទ្រណាមួយឡើយ។

លោកបាននិយាយថា ប្រទេសចិនជឿជាក់ថាកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងនោះក៏ដូចជាគំនិតផ្តួចផ្តើមក្នុងតំបន់គួរតែអំណោយផលដល់សន្តិភាព ស្ថិរភាព និងវិបុលភាពក្នុងតំបន់ ជាជាងផ្តោតលើការបង្កើតក្លឹបផ្តាច់មុខដែលបំផ្លាញទំនុកចិត្ត និងកិច្ចសហប្រតិបត្តិការក្នុងចំណោមប្រទេសក្នុងតំបន់។

ការអត្ថាធិប្បាយរបស់អ្នកនាំពាក្យរូបនេះ បានធ្វើឡើងឆ្លើយតបទៅនឹងរដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសសមាជិកខ្វាត (Quad) ដែលបង្ហាញពី “ការព្រួយបារម្ភ” របស់ពួកគេចំពោះស្ថានភាពសមុទ្រចិនខាងកើត និងខាងត្បូងកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ។

លោក Lin បាននិយាយថា ប្រទេសចិនប្រកាន់ខ្ជាប់នូវអធិបតេយ្យភាពទឹកដី និងសិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ខ្លួន ហើយប្តេជ្ញាដោះស្រាយឱ្យបានត្រឹមត្រូវនូវបញ្ហាដែនសមុទ្រទ្វេភាគីជាមួយបណ្តាប្រទេសដែលពាក់ព័ន្ធដោយផ្ទាល់តាមរយៈការសន្ទនា និងការពិគ្រោះយោបល់៕