វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយ កាលពីថ្ងៃអង្គារថា ប្រទេសជប៉ុនកំពុងចាប់ផ្តើមឆ្ពោះទៅមុខ ជាមួយនឹងការវិនិយោគ លើកដំបូង ក្រោមការប្តេជ្ញាចិត្ត ចំនួន៥៥០ពាន់លានដុល្លារ នៅលើទឹកដីអាមេរិក។
លោកបាននិយាយ នៅក្នុងការបង្ហោះនៅលើ ប្រព័ន្ធផ្សព្វផ្សាយសង្គមថា «កិច្ចព្រមព្រៀងពាណិជ្ជកម្មដ៏ធំរបស់យើង ជាមួយប្រទេសជប៉ុនទើបតែចាប់ផ្តើម» ។ លោកបានបន្ថែមថា «ការសន្យាវិនិយោគ ដោយទីក្រុងតូក្យូគឺជាផ្នែកមួយនៃ កិច្ចព្រមព្រៀងពាណិជ្ជកម្មជាប្រវត្តិសាស្ត្ររបស់យើងក្នុងការស្តារឡើងវិញ នូវមូលដ្ឋានឧស្សាហកម្មអាមេរិក បង្កើតការងារដ៏អស្ចារ្យរបស់អាមេរិករាប់រយពាន់នាក់, ពង្រឹងសន្តិសុខជាតិ និងសេដ្ឋកិច្ចរបស់យើង ដែលមិនធ្លាប់មានពីមុនមក» ។
បើតាម Anadolu, កាលពីខែកក្កដា ឆ្នាំមុន សហរដ្ឋអាមេរិក និងជប៉ុនបានប្រកាសពីអ្វីដែលលោក Trump បានពិពណ៌នាថា ជាកិច្ចព្រមព្រៀងពាណិជ្ជកម្ម ដ៏អស្ចារ្យ ចំនួនបី ក្នុងវិស័យប្រេង, ឧស្ម័ន និងរ៉ែសំខាន់ៗ ហើយថា សហរដ្ឋអាមេរិកនឹងទទួល ៩០% នៃប្រាក់ចំណេញ។ លោកក៏បានកត់សម្គាល់ផងដែរថា ទីក្រុងតូក្យូនឹងបង់ពន្ធ ត្រឹម ១៥% ដែលកាត់បន្ថយពី ២៥% ។
ជាក់ស្តែង ក្នុងការប្រកាស កាលពីថ្ងៃទី១៧ ខែកុម្ភៈ, លោក Donald Trump រៀបរាប់ថា «ថ្ងៃនេះ ខ្ញុំមានសេចក្តីសោមនស្សរីករាយ ក្នុងការប្រកាសអំពីគម្រោងដ៏អស្ចារ្យចំនួនបី នៅក្នុងតំបន់យុទ្ធសាស្ត្រ នៃប្រេង និងឧស្ម័ន នៅក្នុងរដ្ឋតិចសាស់, ការបង្កើតថាមពល នៅរដ្ឋអូហៃអូ និងរ៉ែសំខាន់ៗ នៅក្នុងរដ្ឋហ្សកហ្ស៊ី»៕
ប្រភព ៖ Anadolu

Leave a Reply