សម្តេចធិបតី ប្រាប់សារព័ត៌មាន Reuters ថា ថៃកំពុងកាន់កាប់ទឹកដីកម្ពុជាដោយខុសច្បាប់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា កងកម្លាំងថៃកំពុងកាន់កាប់ទឹកដីកម្ពុជា ដោយខុសច្បាប់អន្តរជាតិ បន្ទាប់ពីមានការប្រយុទ្ធគ្នាកាលពីឆ្នាំមុន បើទោះបីជាមានកិច្ចព្រមព្រៀងសន្តិភាពដែលសម្របសម្រួលដោយឯកឧត្តមប្រធានាធិបតីសហរដ្ឋអាម៉េរិក លោក ដូណាល់ ត្រាំ ហើយសម្តេចបានអំពាវនាវឱ្យប្រទេសថៃអនុញ្ញាតឱ្យគណៈកម្មការព្រំដែនរួមចាប់ផ្តើមធ្វើការនៅតាមព្រំដែនដែលមានជម្លោះ។

សម្តេចធិបតីនាយករដ្ឋមន្ត្រី មានប្រសាសន៍ដូច្នេះ ប្រាប់ទៅសារព័ត៌មាន Reuters ក្នុងបទសម្ភាសន៍ផ្តាច់មុខមួយនៅថ្ងៃអង្គារ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៦ ម្សិលមិញនេះ (ម៉ោងនៅអាម៉េរិក) ក្នុងឱកាសដែលសម្តេចធិបតី អញ្ជើញទៅចូលរួមកិច្ចប្រជុំដំបូងនៃក្រុមប្រឹក្សាសន្តិភាពនៅរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាម៉េរិក ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៦។

ជាមួយគ្នានេះ សម្តេចធិបតី បានបង្ហាញនូវក្តីសង្ឃឹមថា ក្រុមប្រឹក្សាសន្តិភាពថ្មីនេះអាចមានតួនាទីក្នុងការកាត់បន្ថយភាពតានតឹងនៅតាមព្រំដែន ដែលសម្តេចបានពណ៌នាថា «មានភាពផុយស្រួយ» បើទោះបីជាមានបទឈប់បាញ់នៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២៥ ដែលបានបញ្ចប់ការប្រយុទ្ធឡើងវិញក៏ដោយ។

សូមរម្លឹកថា ថៃបានបើកសង្គ្រាមឈ្លានពានមកលើបូរណភាពទឹកដីកម្ពុជា ចំនួន ០២លើក ក្នុងឆ្នាំ២០២៥ ដែល លើកទី១ រយៈពេល៥ថ្ងៃ នៅខែកក្កដា ហើយលើកទី២ រយៈពេល២១ថ្ងៃ នៅខែធ្នូ។

ពិតមែនតែបច្ចុប្បន្នមិនមានការផ្ទុះអាវុធតទៅទៀត ប៉ុន្តែថៃនៅតែបន្តសកម្មភាពរំលោភបំពានដ៏កម្រោល ដោយមិនខ្លាចច្បាប់អន្តរជាតិអ្វីបន្តិចសោះ មកលើកដែនអធិបតេយ្យភាពកម្ពុជា តាមរយៈសកម្មភាពដ៏គឃ្លើន ដូចជាការរាយបន្លាលួស ដាក់លូជ្រុង ដាក់ទូកុងតឺន័រ ជីកលេណដ្ឋាន កំទេចផ្ទះប្រជាជន ។ល។ នៅក្នុងតំបន់ដែលខ្លួនបានកាន់កាប់ដោយការឈ្លានពានកន្លងមក។

បន្ថែមពីលើនេះ ទាហានឈ្លានពានថៃបានបង្កើតស្ថានភាពថ្មីនៅលើទីតាំងជាក់ស្តែង ដែលកម្ពុជាមិនអាចទទួលយកបានជាដាច់ខាត ហើយរាជរដ្ឋាភិបាលកម្ពុជា បានតវ៉ាជាផ្លូវការតាមរយៈក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ជាបន្តបន្ទាប់។

កម្ពុជាប្រឆាំងដាច់ខាត និងប្តេជ្ញាការពារអធិបតេយ្យភាពជាតិ និងបូរណភាពទឹកដី ទាំងបច្ចុប្បន្ន ទាំងទៅអនាគត ដោយប្រើប្រាស់គ្រប់មធ្យោបាយ ស្របតាមច្បាប់អន្តរជាតិ ហើយកម្ពុជាមិនទទួលស្គាល់ដាច់ខាតការកែប្រែខ្សែបន្ទាត់ព្រំដែន ឬការកាន់កាប់ទឹកដីដោយខុសច្បាប់អន្តរជាតិ ឬតាមរយៈការប្រើប្រាស់កម្លាំង៕

ដោយ ផែន រតនៈ/AKP