ញូវដែលី ៖ ឥណ្ឌា កំពុងដើរតាមប្រទេសធំៗជាច្រើននៅលើពិភពលោក ដែលគ្រោងនឹងធ្វើការរឹតបន្តឹងអាយុប្រជាជន ក្នុងការប្រើប្រាស់បណ្តាញសង្គម ។ បច្ចុប្បន្ន ឥណ្ឌាកំពុងពិភាក្សាជាមួយក្រុមហ៊ុនបណ្តាញសង្គមនានានៅឡើយ ។
បើតាមសារព័ត៌មាន CNBC ចេញផ្សាយថ្ងៃអង្គារ, ប្រទេសឥណ្ឌាដែលមានប្រជាជនសរុបដល់ ១.៤ពាន់លានដុល្លារ ក្នុងនោះមានមនុស្សរាប់រយលាននាក់បានប្រើប្រាស់បណ្តាញសង្គម ។
ប្រសិនបើការរឹតត្បិតនេះត្រូវបានអនុម័តមែននោះ វានឹងបង្កផលប៉ះពាល់ដល់ប្រាក់ចំណូលរបស់ក្រុមហ៊ុនបណ្តាញសង្គមធំៗ រាប់ចាប់ពី Meta មេធំរបស់ Facebook រហូតដល់ Google ជាដើម ។
ជុំវិញបញ្ហានេះដែរ រដ្ឋមន្ត្រីព័ត៌មានវិទ្យាឥណ្ឌា លោក Ashwini Vaishnaw បាននិយាយនៅថ្ងៃអង្គារថា ការរឹតត្បិតនេះ ជាវិធានការមួយ ដែលសព្វថ្ងៃ មានប្រទេសជាច្រើនអនុវត្ត ។
លោកថា ឥឡូវនេះ យើងកំពុងស្ថិតក្នុងការសន្ទនាជាមួយវេទិកាបណ្ដាញសង្គមផ្សេងៗ ទាក់ទងនឹងរូបភាព រូបវីដេអូ ឬសំឡេងក្លែងក្លាយបង្កើតពី AI ដែលជាប់ពាក់ព័ន្ធការរឹតបន្តឹងផ្អែកលើអាយុ និងអ្វីដែលជាវិធីដ៏ត្រឹមត្រូវ ដើម្បីដោះស្រាយបញ្ហានេះ ។
សូមរម្លឹកថា ឆ្នាំមុន អូស្រ្តាលីបានក្លាយជាប្រទេសដំបូងបង្អស់លើពិភពលោកបានអនុវត្តការហាមឃាត់ដែលតម្រូវឲ្យបណ្ដាញសង្គម TikTok, YouTube, Snapchat និងសេវាកម្មបណ្ដាញសង្គមធំៗផ្សេងទៀត លុបគណនីដែលជារបស់ក្មេងជំទង់មានអាយុក្រោម ១៦ឆ្នាំ បើមិនដូច្នោះទេ ត្រូវប្រឈមនឹងការពិន័យយ៉ាងធ្ងន់ធ្ងរ ៕
ប្រភព ៖ CNBC

Leave a Reply