[UPDATE] ចំនួនអ្នកស្លាប់ក្នុងបំណាក់ដីនៅឥណ្ឌាកើនឡើងដល់ជាង១៥០នាក់ ខណៈរាប់សិបនាក់បន្តជាប់ខ្លួន

ចំនួនអ្នកស្លាប់បានកើនឡើងដល់ ១៥១ នាក់ និងរាប់សិបនាក់នៅតែត្រូវគេបារម្ភថាកំពុងជាប់ខ្លួនក្នុងបំណាក់ដី បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំងបង្កឱ្យមានបំណាក់ដីដ៏ធំនៅក្នុងរដ្ឋកេរ៉ាឡា ( Kerala) ភាគខាងត្បូងនៃប្រទេសឥណ្ឌា។

បំណាក់ដីបានវាយប្រហារតំបន់ភ្នំនៅក្នុងស្រុក វ៉ាយ៉ាណាដ (Wayanad) កាលពីព្រឹកព្រលឹមថ្ងៃអង្គារសប្ដាហ៍នេះ នៅពេលអ្នកស្រុកភាគច្រើនកំពុងលង់លក់ក្នុងដំណេក។

ប្រតិបត្តិការជួយសង្គ្រោះកំពុងដំណើរការ ប៉ុន្តែកំពុងត្រូវបានរារាំងដោយភ្លៀងធ្លាក់ខ្លាំង និងការបាក់រលំស្ពានដ៏សំខាន់មួយ។

ក្រុមអាជ្ញាធរបារម្ភថា ចំនួនអ្នកស្លាប់និងរបួសនឹងកើនឡើងបន្ថែមទៀត ខណៈមនុស្សប្រហែល១០០ នាក់នៅតែជាប់ខ្លួនក្នុងតំបន់ ដែលសេវាសង្គ្រោះបន្ទាន់មិនទាន់អាចទៅដល់។

បំណាក់ដីទាំងនេះគឺជាគ្រោះមហន្តរាយដ៏អាក្រក់បំផុតដែលបានវាយប្រហាររដ្ឋ Kerala ចាប់តាំងពីឆ្នាំ២០១៨ មក នៅពេលទឹកជំនន់បានសម្លាប់មនុស្សជាង ៤០០ នាក់។

ក្រុមមន្ត្រីបាននិយាយថា ទាហានជាង ២០០ នាក់ត្រូវបានគេបញ្ជូនទៅជួយដល់កងកម្លាំងសន្តិសុខក្នុងកិច្ចខិតខំប្រឹងប្រែងស្វែងរក និងជួយសង្គ្រោះ។

មន្ត្រីខាងលើបន្ថែមថា មន្ទីរពេទ្យក្នុងតំបន់កំពុងព្យាបាលអ្នករបួសយ៉ាងហោចណាស់ ១២៣ នាក់ ហើយមនុស្សជាង ៣.០០០នាក់ត្រូវបានជួយសង្គ្រោះ និងជម្លៀសទៅកាន់ជំរំសង្គ្រោះចំនួន ៤៥កន្លែង៕


Comments

Leave a Reply

Your email address will not be published. Required fields are marked *