

រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បាននិយាយកាលពីថ្ងៃអង្គារ (២៤ កុម្ភៈ) ថា កិច្ចព្រមព្រៀងជាមួយសហរដ្ឋអាមេរិកគឺ «ស្ថិតនៅក្នុងការសម្រេចបាន ប៉ុន្តែលុះត្រាតែការទូតត្រូវបានផ្តល់អាទិភាពតែប៉ុណ្ណោះ» ខណៈការចរចាជុំថ្មីរវាងភាគីទាំងពីរនៅទីក្រុងហ្សឺណែវ ខិតកាន់តែកៀក។
មន្ត្រីជាន់ខ្ពស់អាមេរិកមួយរូបបានបញ្ជាក់កាលពីថ្ងៃចន្ទថា កិច្ចចរចានុយក្លេអ៊ែរជុំថ្មីនេះគ្រោងធ្វើឡើងនៅថ្ងៃព្រហស្បតិ៍ ទី២៦ ខែកុម្ភៈ ស្អែកនេះ នៅទីក្រុងហ្សឺណែវ ដោយប្រសិតអាមេរិក លោក Steve Witkoff និងលោក Jared Kushner ដែលជាមានតួនាទីជាប្រេសិត ហើយក៏ជាកូនប្រសាររបស់ប្រធានាធីបតីអាមេរិក Donald Trump ផងដែរនោះ នឹងជួបជាមួយគណៈប្រតិភូអ៊ីរ៉ង់ សម្រាប់កិច្ចពិភាក្សាជាថ្មីទៀត។
គួរឱ្យដឹងថា ប្រទេសទាំងពីរបានបន្តការចរចានៅដើមខែកុម្ភៈនេះ ខណៈដែលអាមេរិក បង្កើនសមត្ថភាពយោធារបស់ខ្លួននៅមជ្ឈិមបូព៌ា។ ចំណែកអ៊ីរ៉ង់វិញ ក៏បានគំរាមវាយប្រហារមូលដ្ឋានទ័ពអាមេរិកក្នុងតំបន់ ប្រសិនបើខ្លួនរងការវាយប្រហារដោយយោធា។
ក្នុងសារមួយលើបណ្ដាញសង្គម X លោក Araqchi បាននិយាយថា «ភាគីទាំងពីរមានឱកាសជាប្រវត្តិសាស្ត្រមួយ ដើម្បីទទួលបានកិច្ចព្រមព្រៀងដែលមិនធ្លាប់មានពីមុនមក ដែលដោះស្រាយកង្វល់ទៅវិញទៅមក និងសម្រេចបាននូវផលប្រយោជន៍ទៅវិញទៅមក»។ ប្រមុខការទូតអ៊ីរ៉ង់រូបនេះបន្តថា ទីក្រុងតេអេរ៉ង់នឹងបន្តការចរចាឡើងវិញដោយ «ការប្តេជ្ញាចិត្តដើម្បីសម្រេចបាននូវកិច្ចព្រមព្រៀងដ៏យុត្តិធម៌ និងស្មើភាពគ្នាក្នុងរយៈពេលដ៏ខ្លីបំផុត» ដោយសង្កត់ធ្ងន់លើការផ្ដល់អាទិភាពឱ្យការទូត។
អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយកាលពីថ្ងៃអង្គារថា ជម្រើសដំបូងរបស់លោកប្រធានាធិបតី Trump គឺតែងតែជាការទូតជានិច្ច ប៉ុន្តែលោកក៏មានឆន្ទៈក្នុងការប្រើប្រាស់កម្លាំងដ៏កាចសាហាវផងដែរ ប្រសិនបើចាំបាច់៕

Leave a Reply