ប្រភព៖អ៊ីរ៉ង់ និងក្រុមតំណាងរបស់ខ្លួននឹងពិភាក្សាការសងសឹកអ៊ីស្រាអែលុំវិញការស្លាប់មេដឹកនាំហាម៉ាស

អ៊ីរ៉ង់ និងសម្ព័ន្ធមិត្ត ក្នុងតំបន់បានប្តេជ្ញាសងសឹកកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ចំពោះការស្លាប់របស់មេដឹកនាំក្រុមហាម៉ាស និងហេសបូឡា ដែលបង្កើនភាពតានតឹងក្នុងតំបន់ ខណៈក្រុមអ្នកកាន់ទុក្ខបានប្រមូលផ្ដុំគ្នានៅកណ្តាលទីក្រុងតេអេរ៉ង់ អំពាវនាវឱ្យមានការសងសឹក។

ពិធីបុណ្យសពជាសាធារណៈមួយ ត្រូវបានប្រារព្ធឡើងសម្រាប់ប្រធាននយោបាយរបស់ក្រុមហាម៉ាស លោក Ismail Haniyeh នៅក្នុងរដ្ឋធានីអ៊ីរ៉ង់ ជាទីដែលលោកត្រូវបានសម្លាប់កាលពីព្រឹកថ្ងៃពុធសប្ដាហ៍នេះ ក្នុងការវាយប្រហារមួយដែលអ៊ីស្រាអែលពុំបានធ្វើអត្ថាធិប្បាយលើបញ្ហានេះឡើយ។

នៅថ្ងៃសុក្រនេះសាកសពរបស់ លោក Haniyeh បានទៅដល់ប្រទេសកាតា ហើយជាទីដែលសាកសពរបស់លោកត្រូវតម្កល់ និងបបញ្ចុះនៅថ្ងៃសុក្រនេះ នៅពេលក្រុមប្រដាប់អាវុធរបស់លោកបានអំពាវនាវឱ្យមាន “ទិវាចងកំហឹង” នៅក្នុងដែនដីប៉ាឡេស្ទីន និងទូទាំងតំបន់។

ប្រធានក្រុមហេសបូឡា លោក Hassan Nasrallah ដែលថ្លែងទៅកាន់ពិធីបុណ្យសពរបស់មេបញ្ជាការយោធាជាន់ខ្ពស់ក្រុមលីបង់ បាននិយាយថា អ៊ីស្រាអែល និង “អ្នកដែលនៅពីក្រោយការសម្លាប់ខុសគ្នាតែប៉ុន្មានម៉ោងរបស់មេបញ្ជការជាន់ខ្ពស់ក្រុមហេសបូឡាលោក ហ្វ៊ូអាដ សុកកឺ(Fuad Shukr) និងមេដឹកនាំក្រុមហាម៉ាស លោក Haniyeh ត្រូវតែរង់ចាំការឆ្លើយតបដែលមិនអាចជៀសបានរបស់យើង”។

លោកNasrallahនិយាយទៅកាន់អ៊ីស្រាអែលមួយថ្ងៃបន្ទាប់ពីលោកសុកកឺ ត្រូវបានសម្លាប់ក្នុងការវាយប្រហារមួយនៅភាគខាងត្បូងទីក្រុងបេរូតBeirutថា”អ្នកមិនដឹងថាអ្នកបានឆ្លងបន្ទាត់ក្រហមអ្វីទេ”។

កាលពីថ្ងៃព្រហស្បតី៍សប្ដាហ៍នេះដែរ យោធាអ៊ីស្រាអែល បានបញ្ជាក់ថា មេយោធារបស់ក្រុមហាម៉ាស លោក Mohammed Deif ត្រូវបានសម្លាប់ក្នុងការវាយប្រហារតាមអាកាស នៅតំបន់ហ្កាហ្សាស្ទ្រីប កាលពីខែមុន។លោកDeifត្រូវបានកំណត់គោលដៅក្នុងការវាយប្រហារលើបរិវេណក្នុងតំបន់ Khan Younis កាលពីថ្ងៃទី១៣ ខែកក្កដា តែក្រុមហាម៉ាសពុំបញ្ជាក់ពីការស្លាប់នេះទេ៕