លោក Trump ចាញ់បណ្ដឹងឧទ្ធរណ៍ដែលទាមទារឱ្យដកដីកាបង្គាប់ក្នុងរឿងក្តីប្រាក់បំបិទមាត់

តុលាការឧទ្ធរណ៍របស់រដ្ឋញូវយ៉ក (New York) សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ (០១ សីហា) បានច្រានចោលបណ្ដឹងឧទ្ធរណ៍របស់លោក Donald Trump ទាមទារឱ្យដកដីកាបង្គាប់នៅក្នុងសំណុំរឿងព្រហ្មទណ្ឌប្រាក់បំបិទមាត់របស់លោក ដែលអតីតប្រធានាធិបតីរូបនេះត្រូវបានកាត់ទោសកាលពីខែឧសភា លើបទចោទប្រកាន់ដែលកើតចេញពីការបង់ប្រាក់ឱ្យតារាអាសអាភាសម្នាក់។

ការសម្រេចដោយតុលារការបណ្តឹងឧទ្ធរណ៍នៅទីក្រុង មែនហាតថាន (Manhattan) នេះមានន័យថា បេក្ខភាពប្រធានាធិបតីនៃសាធារណរដ្ឋរូបនេះមិនអាចធ្វើអត្ថាធិប្បាយជាសាធារណៈអំពីរដ្ឋអាជ្ញា និងអ្នកផ្សេងទៀតក្នុងសំណុំរឿងនេះទេ រហូតដល់លោកចៅក្រម ហ័ន មើឆាន (Juan Merchan) កាត់ទោសលោកនៅថ្ងៃទី១៨ ខែកញ្ញា ប្រាំពីរសប្តាហ៍មុនការបោះឆ្នោតថ្ងៃទី០៥ ខែវិច្ឆិកា។

មេធាវីរបស់លោក Trump បានប្រកែកថាដីកាបង្គាប់នេះបានរំលោភលើសិទ្ធិនិយាយដោយសេរីរបស់ Trump តាមរដ្ឋធម្មនុញ្ញនៅក្រោមវិសោធនកម្មទីមួយ។ នៅរសៀលថ្ងៃព្រហស្បតិ៍ មេធាវីរបស់លោក Trump បានបន្តការទាមទាររបស់ពួកគេឱ្យចៅក្រម Merchan ដកខ្លួនពីការកាត់ក្ដី ដោយសម្អាងថាកូនស្រីលោកធ្វើការជាអ្នកប្រឹក្សានយោបាយឱ្យបក្សប្រជាធិបតេយ្យ និងទំនាក់ទំនង «យូរអង្វែង» របស់នាងជាមួយអនុប្រធានាធិបតី លោកស្រី កាម៉ាឡា ហារីស (Kamala Harris)។

លោក Merchan បានច្រានចោលសំណើទាមទារឱ្យដកខ្លួនស្រដៀងគ្នានេះដោយលោក Trump មុនពេលការកាត់ក្តីចាប់ផ្តើម ហើយសំណើដកខ្លួនមួយទៀតកាលពីឆ្នាំមុន។ ចៅក្រមបានដាក់ដីកាបង្គាប់នេះពីរបីសប្តាហ៍មុនពេលការកាត់ក្តីចាប់ផ្តើមនៅថ្ងៃទី២២ ខែមេសា ដោយនិយាយថា ប្រវត្តិរបស់លោក Trump ក្នុងការធ្វើសេចក្តីថ្លែងការណ៍គំរាមកំហែង អាចធ្វើឱ្យខូចដំណើរការនីតិវិធី៕