[UPDATE] អ្នកស្លាប់ពីទឹកជំនន់នៅភាគអាគ្នេយ៍ប្រទេសចិនកើនឡើងដល់៣០នាក់ និង៣៥នាក់បាត់ខ្លួន

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា ចំនួនអ្នកស្លាប់បានកើនឡើងដល់៣០នាក់ និង៣៥ នាក់ផ្សេងទៀតកំពុងបាត់ខ្លួនក្នុងទីក្រុងមួយនៅភាគអាគ្នេយ៍នៃប្រទេសចិន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃបង្កឡើងដោយព្យុះត្រូពិក។

ចំនួនអ្នកស្លាប់បានកើនឡើងយ៉ាងឆាប់រហ័សពីចំនួនត្រឹម៤ នាក់ដែលបានរាយការណ៍លើកដំបូង ក្នុងភូមិនានានៅតំបន់ហ្ស៊ីស៊ីង (Zixing) ជាទីក្រុងមួយក្នុងខេត្តហ៊ូណាន (Hunan) ។លើសពីនេះទៀត បំណាក់ដីដោយសារភ្លៀងបានសម្លាប់មនុស្ស ១៥នាក់កាលពីថ្ងៃអាទិត្យនៅក្នុងផ្នែកមួយផ្សេងទៀតនៃខេត្តនេះ ដែលជំរុញឲ្យលោកនាយករដ្ឋមន្ត្រីចុះពិនិត្យស្ថានការណ៍ដោយផ្ទាល់និងជំរុញឲ្យមានកិច្ចខិតចំប្រឹងប្រែងជួយសង្រ្គោះអស់ពីលទ្ធភាព។

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋបាននិយាយថា គិតត្រឹមពាក់កណ្តាលថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ផ្លូវថ្នល់ អគ្គិសនី និងប្រព័ន្ធទំនាក់ទំនងនានា ត្រូវបានស្តារឡើងវិញយ៉ាងក្នុងចំនួនដ៏ច្រើនក្នុងសង្កាត់ទាំង៨របស់ទីក្រុងដែលរងផលប៉ះពាល់ខ្លាំងជាងគេមួយនេះ។

ទីភ្នាក់ងារព័ត៌មានផ្លូវការស៊ីនហួរ បាននិយាយថា ភ្លៀងធ្លាក់ខ្លាំងជាច្រើនថ្ងៃត្រូវបានបង្កឡើងដោយព្យុះត្រូពិកហ្កែមី(Gaemi) បន្ទាប់ពីបានបោកបក់ដល់ដីគោកក្នុងប្រទេសចិន កាលពីចុងសប្តាហ៍មុន។

ព្យុះត្រូពិកហ្កែមី ក៏បានបណ្ដាលឲ្យមានភ្លៀងធ្លាក់ខ្លាំងផងដែរនៅភាគភាគឦសាន ប្រទេសចិន និងកូរ៉េខាងជើង ដែលធ្វើឲ្យទឹកទន្លេយ៉ាលូ (Yalu River)ហៀរចេញជាទឹកជំនន់។ ទឹកជំនន់ធ្ងន់ធ្ងរត្រូវបានរាយការណ៍នៅក្នុងទីក្រុងព្រំដែនប្រទេសចិនតានតុង(Dandong)និងខាងព្រំដែនកូរ៉េខាងជើង៕