ក្រុមអ្នកធាក់ស៊ីក្លូ ប្រកាសហែរក្បួនធាក់ស៊ីក្លូអបអរថ្ងៃបើកការដ្ឋានអនុវត្ត​គម្រោងព្រែកជីកហ្វូណនតេជោ

ដើម្បីចូលរួមអបអរសាទរ ថ្ងៃប្រវត្តិសាស្ត្រកម្ពុជា បើកការដ្ឋានគម្រោងសាងសង់​ព្រែកជីកហ្វូណន​តេជោ​នា​ថ្ងៃទី៥ ខែសីហា ឆ្នាំ២០២៤ បណ្តាពលរដ្ឋប្រកបរបរធាក់ស៊ីក្លូ នៅរាជធានីភ្នំពេញ ប្រកាស​នាំគ្នាធាក់ស៊ីហែរក្បួន ពីរាជធានីភ្នំពេញ ទៅក្រុងតាខ្មៅ ខេត្តកណ្តាល ដើម្បីចូលរួមគាំទ្រ និង​អបអរសាទរ ថ្ងៃជាប្រវត្តិសាស្ត្របើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ។

លោក អ៊ឹម សម្បត្តិ ប្រធានសមាគមអភិរក្សស៊ីក្លូ និងមុខរបរក្រៅប្រព័ន្ធ ថ្លែងប្រាប់ BTV នៅ​ថ្ងៃ​ទី២ ខែសីហានេះថា នៅថ្ងៃទី៥ ខែសីហានេះ នៅក្នុងសមាគមរបស់លោក នឹង​ធ្វើ​ការ​ប្រមូល​ផ្តុំ​អ្នក​ប្រកប​របរធាក់ស៊ីក្លូ ប្រមាណជិត៣០០នាក់ ចូលរួមធ្វើការហែរក្បួនធាក់ស៊ីក្លូខ័ណ្ឌដូនពេញ រាជ​ធានី​ភ្នំពេញ ទៅកាន់ក្រុងតាក្រុងខេត្តកណ្តាល ដើម្បីចូល​រួម​បង្ហាញ​មុខ​របរ​ធាក់​ស៊ីក្លូ​ដឹក​អ្នក​ដំណើរ​បែបបុ​រាណរបស់ខ្មែរនៅក្នុងព្រឹត្តិការណ៍ប្រគំតន្ត្រីខ្នាតធំ និងការប្រកួតកីឡាគុនខ្មែរ នៅ​សួន​មាត់​ទន្លេបាសាក់ក្រុងតាខ្មៅ ខេត្តកណ្តាល។

ពលរដ្ឋប្រកបរបរធាក់ស៊ីក្លូលើកឡើងថា ជាក់ស្តែងក្រុមអ្នកធាក់ស៊ីក្លូទាំងអស់គ្នា ពិតជាមាន​ការ​សប្បាយ​ចិត្តធាក់ស៊ីក្លូហែរក្បួនអបអរសាទរគម្រោងព្រែកជីកហ្វូណនតេជោ ដែលនឹងបើក​ការដ្ឋាន​ជីក​ជាផ្លូវការនៅថ្ងៃទី៥ ខែសីហានេះ ដោយសារនៅពេលដែលព្រែកជីកហ្វូណនតេជោ បើកដំណើរការប្រើប្រាស់នឹងនាំភ្ញៀវទេសចរអន្តរជាតិជាច្រើនមកទស្សនាកម្ពុជាតាមច្រកផ្លូវទឹកនេះ ហើយមុខរបរធាក់ស៊ីក្លូដឹកភ្ញៀវទេសចរអន្តរជាតិទស្សនារាជធានីភ្នំពេញ ក៏នឹង​មាន​ការ​រីក​ចម្រើន​ដែរ។

សូមបញ្ជាក់ថា ដើម្បីចូលរួមគាំទ្រ និងអបអរសាទរការបើកការដ្ឋានសាង​សង់ជីក​ព្រែក​ហ្វូណន​តេជោ នៅតាមក្រសួងស្ថាប័នរដ្ឋ ឯកជន សាលារៀន រោងចក្រ វត្ត មណ្ឌលវិបស្សនា អាស្រម សាលា​បុណ្យ វិហាសាសនា ស្នាក់ការស៊ូរ៉ាវ និងបណ្តា​មន្ទីរជុំវិញ​រាជ​ធានី​ខេត្ត​ទូទាំង​ប្រទេស​នឹង​ធ្វើ​កា​រ​វាយគង ជួង រគាំង ទូងស្គរ ទះប៉ោត គោះត្រដោក ដោយ​បន្លឺ​ជា​សំឡេង​ឲ្យ​បាន​កង​រំពង​ព្រម​ៗ​គ្នា នៅថ្ងៃទី៥ ខែសីហានេះ វេលាម៉ោង ៩និង០៩នាទីព្រឹក៕ អត្ថបទ ស៊ុម សុខជា