មេដឹកនាំក្រុមហ៊ួទី ប្តេជ្ញាឆ្លើយតបដោយយោធាចំពោះការបង្កើនភាពតានតឹងរបស់អ៊ីស្រាអែល

មេដឹកនាំហ៊ួទីនៅប្រទេសយេម៉ែន លោក អាប់ឌុល ម៉ាលីក អាល់ហ៊ួទី (Abdul-Malik al-Houthi) បានព្រមានកាលពីថ្ងៃព្រហស្បតិ៍ថា ក្រុមហ៊ួទី នឹង«ជៀសមិនផុត»ពីការឆ្លើយតបដោយយោធាចំពោះការបង្កើនភាពតានតឹងនាពេលថ្មីៗនេះរបស់អ៊ីស្រាអែលឡើយ។

លោក អាល់ហ៊ួទី បាននិយាយនៅក្នុងសុន្ទរកថាតាមទូរទស្សន៍ថា៖«ជំហរនៃអ័ក្សនៃការតស៊ូ គឺមិនផ្លាស់ ប្តូរ ហើយត្រូវតែមានការឆ្លើយតបដោយយោធា ទៅនឹងការបំពានរបស់អ៊ីស្រាអែល»។

មេដឹកនាំហ៊ួទីរូបនេះ បានថ្កោលទោសការសម្លាប់ប្រធានការិយាល័យនយោបាយក្រុមហាម៉ាស លោក អ៊ីស្មេល ហានីយេ (Ismail Haniyeh)ថា ជា «ការរំលោភលើបទដ្ឋានអន្តរជាតិយ៉ាងច្បាស់» និងជា «ឧក្រិដ្ឋកម្មដ៏ឃោរឃៅ ដែលបង្ហាញពីការមិនយកចិត្តទុកដាក់របស់អ៊ីស្រាអែលចំពោះសិទ្ធិមនុស្ស»។

លោក អាល់ហ៊ួទី បានថ្កោលទោសបន្ថែមលើការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលកាលពីថ្ងៃអង្គារ នៅក្នុងរដ្ឋធានីបេរូត ( Beirut ) របស់ប្រទេសលីបង់ ដែលបានសម្លាប់មេបញ្ជាការជាន់ខ្ពស់របស់ក្រុម ហេសបូឡា លោក Fouad Shokor ដោយចាត់ទុកវាថា ជា«ការកើនឡើងភាពតានតឹងដ៏គ្រោះថ្នាក់»។


Comments

Leave a Reply

Your email address will not be published. Required fields are marked *