ក្រុម​ហេស​បូឡា​ បើក​ការ​វាយ​ប្រហារ​ដោយ​គ្រាប់​រ៉ុក្កែត​ជាការ​ឆ្លើយ​តប​នឹង​អ៊ីស្រា​អែល​ ក្រុម​សកម្ម​ប្រយុទ្ធ​លីបង់​ហេសបូឡា​ បាន​ប្រកាស​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​ថា​ ខ្លួន​បាន​កំណត់​គោល​ដៅ​លើទី​​តាំង​អ៊ីស្រាអែល ​ដោយ​គ្រាប់​រ៉ុក្កែត​ ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​ការ​វាយ​ប្រហារ​តាម​អាកាស​ទៅ​លើ​ភាគ​ខាង​ត្បូង​ប្រទេស​​លីបង់​ ដែល​បាន​សម្លាប់​ជន​ជាតិ​ស៊ីរី​ ៤​នាក់​។

ក្រុមហេសបូឡា បើកការវាយប្រហារដោយគ្រាប់រ៉ុក្កែតជាការឆ្លើយតបនឹងអ៊ីស្រាអែល
ក្រុមសកម្មប្រយុទ្ធលីបង់ហេសបូឡា បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា ខ្លួនបានកំណត់គោលដៅលើទីតាំងអ៊ីស្រាអែល ដោយគ្រាប់រ៉ុក្កែត ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារតាមអាកាសទៅលើភាគខាងត្បូងប្រទេស​លីបង់ ដែលបានសម្លាប់ជនជាតិស៊ីរី ៤នាក់។
ក្រុមនេះ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា៖«ជាការឆ្លើយ​តបទៅនឹងការវាយប្រហារដែលបានកំណត់គោលដៅទៅលើភូមិ Chamaa និងការសម្លាប់ជនស៊ីវិលជាច្រើននាក់ យុទ្ធជនតស៊ូឥស្លាមនៅថ្ងៃនេះ បានទម្លាក់គ្រាប់បែកលើទីតាំងកងទ័ពសត្រូវ នៅបឹង Galilee ភាគខាងលិច និងកន្លែងតាំងទីលំនៅ Matzuva ជាមួយនឹងគ្រាប់រ៉ុក្កែត Katyusha រាប់សិបគ្រាប់»។
ក្រុមហេសបូឡា បានបន្ថែមថា ខ្លួនក៏បានវាយប្រហារទីតាំង Jal al-Alam ដោយគ្រាប់រ៉ុក្កែតផងដែរ។
ប្រភពយោធាលីបង់ បានប្រាប់សារព័ត៌មានស៊ីនហួថា កងទ័ពលីបង់ បាន​ត្រួតពិនិត្យការបាញ់គ្រាប់រ៉ុក្កែតពីដីទៅដីប្រហែល ៧០គ្រាប់ នៅក្នុងក្រុមចំនួនពីរដាច់ដោយឡែក ពីខាងលីបង់ចូលទៅក្នុងប្រទេសអ៊ីស្រា​អែល ហើយគ្រាប់រ៉ុក្កែតខ្លះ ត្រូវបានស្ទាក់ចាប់ដោយប្រព័ន្ធការពារមីស៊ីល Iron Dome របស់អ៊ីស្រាអែល។
ប្រភព បានកត់សម្គាល់ថា កងទ័ពអ៊ីស្រាអែល បានបាញ់ផ្លោង និងបើកការវាយឆ្មក់តាមអាកាសជាច្រើនលើទីប្រជុំជន និងភូមិជាច្រើន នៅ​ភាគ​ខាងត្បូងប្រទេសលីបង់ ដោយបានបណ្តាលឲ្យជនជាតិស៊ីរី ៤នាក់ស្លាប់ និងជនស៊ីវិលលីបង់ ៤នាក់ រងរបួស។