ប៊ែរឡាំង ៖ លោក Boris Pistorius រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ លើកឡើងថា ការដកកងទ័ព របស់អាមេរិក គឺជាពេលដែលអឺរ៉ុប គួរតែពង្រឹងការការពារជាតិ ដោយខ្លួនឯង។
ការលើកឡើងនេះ ធ្វើឡើងបន្ទាប់ពីមន្ទីរបង់តាហ្គោន បានអះអាងថា រដ្ឋមន្ត្រីសង្គ្រាមអាមេរិក បានបញ្ជាឲ្យដកកងទ័ព រាប់រយនាក់ ចេញពីអាល្លឺម៉ង់ នៅឆ្នាំបន្ទាប់។ ជាការធ្វើឡើង បន្ទាប់ពីមានជម្លោះពាក្យសម្តី រវាងប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ និង អធិការបតីអាល្លឺម៉ង់ លោក Friedrich Merz ជុំវិញសង្គ្រាមអ៊ីរ៉ង់។
លោក Boris Pistorius រដ្ឋមន្ត្រីការពារជាតិអាល្លឺម៉ង់ បាននិយាយ កាលពីថ្ងៃសៅរ៍
«យើងអឺរ៉ុប ត្រូវតែទទួលខុសត្រូវបន្ថែមទៀត សម្រាប់សន្តិសុខផ្ទាល់ខ្លួនរបស់យើង» ដោយបន្ថែមថា «អាល្លឺម៉ង់ កំពុងដើរលើផ្លូវត្រូវ ដោយពង្រីកកងកម្លាំងប្រដាប់អាវុធរបស់ខ្លួន បង្កើនល្បឿនលទ្ធកម្មយោធា និង ការកសាងហេដ្ឋារចនាសម្ព័ន្ធ។
យោងតាមមជ្ឈមណ្ឌលទិន្នន័យ កម្លាំងការពារជាតិសហរដ្ឋអាមេរិក, យោធាសកម្ម ចំនួន ៣ម៉ឺន៦ពាន់៤៣៦នាក់បានឈរជើង នៅក្នុងប្រទេសអាល្លឺម៉ង់ គិតត្រឹមខែធ្នូ ឆ្នាំមុន។
ការបញ្ជាឲ្យដកទ័ពអាមេរិកបានកើតមានឡើង បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានគំរាមកំហែង កាលពីដើមសប្តាហ៍នេះ ឲ្យដកទ័ពចេញពីសម្ព័ន្ធមិត្តណាតូ អាល្លឺម៉ង់ បន្ទាប់ពីអធិការបតីអាល្លឺម៉ង់ លោក Friedrich Merz រិះគន់ថា អាមេរិក អាម៉ាស់មុខ នៅតុចរចា ជាមួយអ៊ីរ៉ង់។
លោក ដូណាល់ ត្រាំ ក៏ពិចារណាកាត់បន្ថយចំនួនកងទ័ពអាមេរិក នៅក្នុងប្រទេសអ៊ីតាលី និង អេស្ប៉ាញ ផងដែរ ដោយចោទថា ប្រទេសអឺរ៉ុបទាំងនេះថា មិនបានជួយអាមេរិក ធ្វើសង្គ្រាម ប្រឆាំងអ៊ីរ៉ង់៕
ប្រភពពី AFP

Leave a Reply