វ៉ាស៊ីនតោន ៖ លោក Donald Trump និយាយ កាលពីថ្ងៃសៅរ៍ថា លោកនឹងពិនិត្យឡើងវិញ នូវសំណើចចារថ្មី របស់អ៊ីរ៉ង់ នាពេលឆាប់ៗនេះ ប៉ុន្តែ លោកអះអាងថា ទំនងជាមិនទទួលយកនោះទេ។
ការលើកឡើងនេះ ធ្វើឡើង នៅ១ថ្ងៃ បន្ទាប់ពីលោកប្រកាសថា មិនពេញចិត្ត ចំពោះសំណើនេះ ហើយថែមទាំងគំរាមវាយកម្ទេចអ៊ីរ៉ង់ ជាថ្មី បើនៅតែមិនមានកិច្ចព្រមព្រៀង។
យ៉ាងណា តាមរយៈបណ្តាញសង្គម Truth Social , ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ បានរៀបរាប់ថា «ខ្ញុំនឹងពិនិត្យមើលឡើងវិញ នូវផែនការដែលអ៊ីរ៉ង់ ទើបតែបានផ្ញើមកយើង ឆាប់ៗនេះ ប៉ុន្តែ មិនអាចនឹកស្មានថា វាអាចទទួលយកបានទេ ដោយថា ពួកគេមិនទាន់បានបង់ថ្លៃគ្រប់គ្រាន់ សម្រាប់អ្វីដែលពួកគេបានធ្វើ ចំពោះមនុស្សជាតិ និងពិភពលោក ក្នុងរយៈពេល ៤៧ឆ្នាំ ចុងក្រោយនេះ» ។
នៅថ្ងៃសៅរ៍ ដដែលនេះ លោក ដូណាល់ ត្រាំ និយាយប្រាប់អ្នកសារព័ត៌មាន រៀបនឹងឡើងជិះយន្តហោះដែរថា «សកម្មភាពយោធាជាថ្មី ប្រឆាំងនឹងអ៊ីរ៉ង់ នៅតែមានលទ្ធភាព ប្រសិនបើទីក្រុងតេអេរ៉ង់ ប្រព្រឹត្តមិនត្រឹមត្រូវ»។
ទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ IRNA បានរាយការណ៍ថា ប្រទេសអ៊ីរ៉ង់ បានប្រគល់សេចក្តីព្រាងចរចានេះ ទៅឱ្យអ្នកសម្របសម្រួល ប៉ាគីស្ថាន កាលពីល្ងាចថ្ងៃព្រហស្បតិ៍ ដោយមិនបានបញ្ជាក់លម្អិត អំពីខ្លឹមសារនោះឡើយ។
សង្រ្គាមដែលបានចាប់ផ្តើម ដោយសហរដ្ឋអាមេរិក និងអ៊ីស្រាអែល ជាមួយនឹងការវាយប្រហារដ៏គួរឱ្យភ្ញាក់ផ្អើល កាលពីថ្ងៃទី២៨ ខែកុម្ភៈ បានផ្អាកវិញ ចាប់តាំងពីថ្ងៃទី៨ ខែមេសា ដោយសារមានតែការចរចាដោយផ្ទាល់១ជុំ តែ បរាជ័យ លើការសម្រេចកិច្ចព្រមព្រៀង ហើយបន្តជាប់គាំង រហូតមកដល់ពេលនេះ។
អ៊ីរ៉ង់ បន្តត្រួតត្រា នៅច្រកសមុទ្រ Hormuz ដោយបានរាំងខ្ទប់ លំហូរប្រេង ឧស្ម័ន និងជីកសិកម្ម សំខាន់ៗ របស់ពិភពលោក ខណៈដែលសហរដ្ឋអាមេរិក បានដាក់ការទប់ស្កាត់ បិទខ្ទប់ប្រឆាំងនឹងកំពង់ផែអ៊ីរ៉ង់វិញ ដើម្បីបំបែកភាពជាប់គាំង នៅលើតុចរចា និង បង្ខំឲ្យអ៊ីរ៉ង់ចុះចាញ់អាមេរិក តាមរយៈការបិទខ្ទប់ដង្ហើមសេដ្ឋកិច្ច របស់ប្រទេសឥស្លាមមួយនេះ ៕
ប្រភពពី AFP

Leave a Reply