ជប៉ុន និង វៀតណាម ឯកភាពជំរុញពាណិជ្ជកម្មទ្វេភាគី ដល់៦០ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០

ហាណូយ ៖ ជប៉ុន និង វៀតណាម កាលពីថ្ងៃសៅរ៍ បានយល់ព្រមជំរុញពាណិជ្ជកម្មទ្វេភាគី ឱ្យឡើងដល់ ៦០ ពាន់លានដុល្លារ ត្រឹមឆ្នាំ២០៣០។ ការឯកភាពគ្នានេះ ធ្វើឡើង ស្របពេលដែលលោកស្រី នាយករដ្ឋមន្ត្រី Sanae Takaichi បំពេញទស្សនកិច្ច នៅទីក្រុងហាណូយ។

យោងតាមសារព័ត៌មាន Vietnam News, ភាគីទាំងពីរក៏បានឯកភាព ជំរុញការវិនិយោគរបស់ជប៉ុន នៅវៀតណាម ចំនួន ៥ពាន់លានដុល្លារ ក្នុងមួយឆ្នាំ, ជំរុញសហគ្រាសជប៉ុន វិនិយោគលើគម្រោងបច្ចេកវិទ្យាខ្ពស់ និង ជួយឧបត្ថម្ភធុរជនវៀតណាម ដែលកំពុងវិនិយោគ នៅជប៉ុន។

អំឡុងជំនួបទ្វេភាគី, នាយករដ្ឋមន្ត្រីជប៉ុន លោកស្រី Sanae Takaichi និងនាយករដ្ឋមន្ត្រីវៀតណាម លោក Le Minh Hung ក៏បានចុះហត្ថលេខា លើឯកសារកិច្ចសហប្រតិបត្តិការទ្វេភាគី ចំនួន ៦ ផងដែរ។

មេដឹកនាំទាំងពីរ បានឯកភាព លើការពិភាក្សាបន្ថែមទៀត ឆ្ពោះទៅរកការកសាងខ្សែសង្វាក់ផ្គត់ផ្គង់រ៉ែសំខាន់ៗ និង រោងចក្រចម្រាញ់ប្រេងដ៏ធំ នៅវៀតណាម នេះបើយោងតាមសារព័ត៌មានក្យូដូ។

បើតាម Anadolu, ការព្រមព្រៀងជំរុញទំហំពាណិជ្ជកម្មជាមួយវៀតណាម ធ្វើឡើង ខណៈដែលទីក្រុងតូក្យូ ស្វែងរកការពង្រឹងខ្សែសង្វាក់ផ្គត់ផ្គង់ សម្រាប់ធនធានដ៏សំខាន់ ចំពេលមានជម្លោះការទូត ជាមួយប្រទេសចិន និង វិបត្តិមជ្ឈិមបូព៌ា។

នៅថ្ងៃសៅរ៍ ដដែលនោះ, លោកស្រី Takaichi ក៏ជួបជាមួយមេដឹកនាំកំពូល របស់វៀតណាម លោក To Lam ផងដែរ៕

ប្រភពពី Anadolu