លោក Donald Trump គំរាមវាយប្រហារ អ៊ីរ៉ង់ សាជាថ្មី

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក Donald Trump ថ្មីៗនេះបានព្រមានពីលទ្ធភាពចាប់ផ្តើមវាយប្រហារប្រឆាំងនឹងប្រទេសអ៊ីរ៉ង់សាជាថ្មី ប្រសិនបើទីក្រុងតេហេរ៉ង់ហ៊ានធ្វើសកម្មភាពឆ្គាំឆ្គង ឬបញ្ចេញឥរិយាបថមិនល្អ ។

នៅពេលត្រូវបានសាកសួរ ថាតើលោកអាចនឹងចាប់ផ្តើមវាយប្រហារសារជាថ្មីលើអ៊ីរ៉ង់ដែរទេ ? លោក Trump បានឆ្លើយច្បាស់ៗថា រូបលោកមិនចង់ឱ្យរឿងនោះកើតឡើងទេ ប៉ុន្តែលោកសូមព្រមានថា បើសិនអ៊ីរ៉ង់មានអាកប្បកិរិយាមិនល្អ ឬប្រព្រឹត្តអ្វីមួយអាក្រក់ នោះយើងនឹងឃើញរឿងនេះកើតឡើងភ្លាមៗ ប៉ុន្តែវាគ្រាន់តែជាលទ្ធភាពដែលអាចទៅរួចប៉ុណ្ណោះ ។

មេដឹកនាំអាមេរិករូបនេះ បាននិយាយជាច្រើនលើកច្រើនសារថា អ៊ីរ៉ង់មិនអាចមានអាវុធនុយក្លេអ៊ែរបានជាដាច់ខាត ហើយក៏បាននិយាយនៅថ្ងៃទី១ ខែឧសភាទៀតថា រូបលោកមិនពេញចិត្តនឹងសំណើចុងក្រោយរបស់អ៊ីរ៉ង់ទេ ខណៈដែលរដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់និយាយថា ទីក្រុងតេហេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចសម្រាប់ការទូត ប្រសិនបើសហរដ្ឋអាមេរិកផ្លាស់ប្តូរវិធីសាស្រ្តរឹងរូសរបស់ខ្លួន ។

បើតាមកាសែតរ៉យទ័រ និងស្ថាប័នសារព័ត៌មានធំៗផ្សេងទៀត បានរាយការណ៍ក្នុងរយៈពេលមួយសប្តាហ៍កន្លងមកនេះថា អ៊ីរ៉ង់កំពុងស្នើឱ្យអាមេរិកបើកច្រកសមុទ្រ Hormuz ឡើងវិញ មុនពេលបញ្ហានុយក្លេអ៊ែរត្រូវបានដោះស្រាយ ។

យ៉ាងណា លក្ខខណ្ឌថ្មី ត្រូវបានបង្ហាញនៅក្នុងសំណើផ្លូវការមួយ ដែលបានផ្ញើទៅកាន់សហរដ្ឋអាមេរិក តាមរយៈអ្នកសម្របសម្រួល គិតមកទល់ពេលនេះ លោកប្រធានាធិបតី Trump នៅតែមិនឆ្លើយតបនៅឡើយទេ ៕

ប្រភព ៖ The Straits Times