រ៉ាបា ៖ អាមេរិកបានជូនដំណឹងថា ទាហានរបស់ខ្លួន ចំនួន២នាក់បានបាត់ខ្លួន អំឡុងការធ្វើលំហាត់សមយុទ្ធយោធា នៅប្រទេសម៉ារ៉ុក កាលពីថ្ងៃអាទិត្យ។
បើតាមបញ្ជាការដ្ឋានអាហ្វ្រិក របស់សហរដ្ឋអាមេរិក ហៅកាត់ AFRICOM , សមាជិកកងទ័ពអាមេរិកចំនួន ២រូប បានបាត់ខ្លួន នៅក្បែរតំបន់ហ្វឹកហ្វឺន Cap Draa ក្នុងប្រទេសម៉ារ៉ុក អំឡុងពេលកំពុងចូលរួមក្នុងសមយុទ្ធយោធារួមគ្នា តោអាហ្វ្រិក ២០២៦ ឬ African Lion 2026។
បច្ចុប្បន្ន កងកម្លាំងសហរដ្ឋអាមេរិក ម៉ារ៉ុក និងដៃគូដទៃទៀត បានចាប់ផ្ដើមប្រតិបត្តិការស្វែងរក និងសង្គ្រោះយ៉ាងសស្រាក់សស្រាំ តាមរយៈការប្រើប្រាស់មធ្យោបាយទាំងលើដី តាមអាកាស និងតាមផ្លូវសមុទ្រ។
យោងតាមសេចក្តីថ្លែងការណ៍របស់ AFRICOM ករណីបាត់ខ្លួននេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតយ៉ាងយកចិត្តទុកដាក់ ខណៈដែលប្រតិបត្តិការស្វែងរក កំពុងបន្តធ្វើឡើងយ៉ាងសកម្ម។
គួរបញ្ជាក់ថា សមយុទ្ធតោអាហ្វ្រិកប្រចាំឆ្នាំ បានចាប់ផ្តើម កាលពីចុងខែមេសា នៅក្នុងទីក្រុងភាគខាងត្បូង Agadir របស់ប្រទេសម៉ារ៉ុក ដោយបានប្រមូលផ្តុំបុគ្គលិកយោធា ជិត៥,០០០នាក់ មកពីជាង ៤០ប្រទេស ហើយ គ្រោងធ្វើ រហូតដល់ថ្ងៃទី៨ ខែឧសភា៕
ប្រភពពី AFP

Leave a Reply