ហ្ស៊េរុយសាឡិម ៖ អ៊ីស្រាអែល កាលពីថ្ងៃអាទិត្យ បានអនុម័តកិច្ចព្រមព្រៀង តម្លៃរាប់ពាន់លានដុល្លារ ទិញយន្តហោះចម្បាំង ២ ប្រភេទ ពីសហរដ្ឋអាមេរិក។ លោក នាយករដ្ឋមន្ត្រី Benjamin Netanyahu បានអះអាងថា ការបញ្ជាទិញនេះ នឹងពង្រឹងឧត្តមភាពដែនអាកាសរបស់ខ្លួន។
បើតាមក្រសួងការពារជាតិអ៊ីស្រាអែល, ការទិញនេះ រួមមានក្រុមយន្តហោះចម្បាំងបំបាំងកាយ F-35 បញ្ជាទិញពីក្រុមហ៊ុន Lockheed Martin និង ក្រុមយន្តហោះចម្បាំង F-15IA ជាច្រើនគ្រឿងទៀត ដែលទិញពីក្រុមហ៊ុន Boeing ។
រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែល លោក Israel Katz បាននិយាយ នៅក្នុងសេចក្តីថ្លែងការណ៍មួយថា ផែនការនេះ មានគោលបំណង ធានានូវឧត្តមភាពដែនអាកាសរបស់អ៊ីស្រាអែល សម្រាប់រយៈពេលជាច្រើនទសវត្សរ៍ខាងមុខ ។
លោកបាននិយាយថា «ការទិញ F-35 និង F-15IA គឺជាចំណុចកណ្តាលនៃផែនការ ‘Shield of Israel’ ដែលត្រូវបានបង្កើតឡើង ដើម្បីផ្តល់ឱ្យ IDF ឬ យោធាអ៊ីស្រាអែល នូវគុណភាពយូរអង្វែង»។
យន្តហោះ F-35 ដែលជាគម្រោងរួមគ្នា រវាងសហរដ្ឋអាមេរិក និងសម្ព័ន្ធមិត្តមួយចំនួន គឺជាយន្តហោះយោធាទំនើបបំផុតមួយ របស់ពិភពលោក។ អ៊ីស្រាអែលបានប្រតិបត្តិការយន្តហោះប្រភេទនេះ ជាច្រើនគ្រឿង រួចមកហើយ។
លោក Netanyahu បាននិយាយថា ខ្លួននឹងជំរុញ ឧត្តមភាពដែនអាកាសដ៏លើសលប់ របស់អ៊ីស្រាអែល ប៉ុន្តែ បានសន្យាថា នឹងចាប់ផ្តើមបង្កើតអាវុធ និង យន្តហោះចម្បាំងផ្ទាល់ខ្លួន។
លោកបានរៀបរាប់ថា «ក្នុងរយៈពេលមួយទសវត្សរ៍ខាងមុខ យើងនឹងបន្ថែម ១១៨ពាន់លានដុល្លារ ទៅក្នុងថវិកាការពារជាតិ ដើម្បីផលិតសព្វាវុធបែបនេះ ក្នុងប្រទេសអ៊ីស្រាអែល និងមិនពឹងផ្អែកលើអ្នកផ្គត់ផ្គង់ ពីបរទេស»៕
ប្រភពពី AFP

Leave a Reply