អ៊ីស្រាអែល ប្រគល់សាកសពជនជាតិប៉ាឡេស្ទីនជិត ៩០នាក់ទៅតំបន់ហ្កាហ្សា

អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា អ៊ីស្រាអែលបានប្រគល់សាកសពជនជាតិប៉ាឡេស្ទីនចំនួន ៨៩នាក់ ដែលត្រូវបានសម្លាប់នៅក្នុងការវាយលុកយោធារបស់ខ្លួននៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប ខណៈការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែល បានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៨នាក់ទៀតកាលពីថ្ងៃចន្ទ (០៥ សីហា)។

លោក យ៉ាមែន អាប៊ូ សូលេម៉ាន (Yamen Abu Suleiman) នាយកសេវាសង្គ្រោះបន្ទាន់ស៊ីវិលប៉ាឡេស្ទីននៅទីក្រុង ខាន់យូនីស (Khan Younis) ភាគខាងត្បូងតំបន់ហ្កាហ្សា បាននិយាយថា គេមិនច្បាស់ទេថាតើសាកសពទាំងនោះត្រូវបានជីកពីទីបញ្ចុះសពដោយកងទ័ពក្នុងអំឡុងពេលវាយលុកជើងគោក ឬជា «អ្នកជាប់ឃុំដែលត្រូវបានគេធ្វើទារុណកម្មដល់ស្លាប់»។

លោកបាននិយាយថា សាកសពនឹងត្រូវបានពិនិត្យក្នុងគោលបំណងដើម្បីកំណត់ពីមូលហេតុនៃការស្លាប់ និងដើម្បីកំណត់អត្តសញ្ញាណពួកគេ មុនពេលត្រូវបានបញ្ចុះនៅក្នុងផ្នូរដ៏ធំមួយនៅឯទីបញ្ចុះសពក្បែរមន្ទីរពេទ្យ ណាសសឺ (Nasser) ក្នុងទីក្រុង Khan Younis។ ការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលតំបន់ហ្កាហ្សា ដែលគ្រប់គ្រងដោយក្រុមហាម៉ាស បាននិយាយថាសាកសពទាំងនោះត្រូវបានបញ្ជូនមកវិញក្នុងទម្រង់ជា «ឆ្អឹង និងសាកសពដែលស្អុយរលួយក្នុងលក្ខណៈអមនុស្សធម៌»។

មិនមានការអត្ថាធិប្បាយភ្លាមៗពីយោធាអ៊ីស្រាអែលជុំវិញការប្រគល់សាកសពនោះទេ។ នាពេលកន្លងមក អ៊ីស្រាអែលបាននិយាយថា ខ្លួនបានប្រគល់សាកសពវិញ បន្ទាប់ពីត្រួតពិនិត្យថាពួកគេមិនមែនជាចំណាប់ខ្មាំងអ៊ីស្រាអែល ដែលត្រូវបានក្រុមហាម៉ាស ចាប់តាំងពីការវាយប្រហារថ្ងៃទី០៧ តុលា លើអ៊ីស្រាអែល៕