នាយករដ្ឋមន្រ្តីអ៊ីស្រាអែល ប្រឈមសម្ពាធកាន់តែខ្លាំងឡើងជុំវិញបទឈប់បាញ់ហ្កាហ្សា

មន្ត្រីអ៊ីស្រាអែល ៣នាក់បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កំពុងប្រឈមមុខនឹងការខឹងសម្បារទាំងក្នុងប្រទេសអ៊ីស្រាអែល និងនៅក្រៅប្រទេសជុំវិញការដោះស្រាយលើកិច្ចចរចារបស់លោកស្តីពីបទឈប់បាញ់នៅតំបន់ហ្កាហ្សា ដែលកំពុងជាប់គាំង ខណៈការភ័យខ្លាចកាន់តែកើនឡើងថាវិបត្តិនេះអាចរាលដាលទៅជាសង្រ្គាមជាមួយអ៊ីរ៉ង់។

ការខ្វែងគំនិតគ្នារវាងលោក Netanyahu និងថ្នាក់ដឹកនាំវិស័យការពារជាតិលើកិច្ចព្រមព្រៀង ដែលអាចជួយដោះស្រាយវិបត្តិកំពុងកើនឡើង និងហានិភ័យនៃការបញ្ឆេះសង្រ្គាមទូទាំងតំបន់មជ្ឈិមបូព៌ា បានលេចចេញជាសាធារណៈ នៅក្នុងការបាក់បែកដ៏ខឹងសម្បារដែលបានបែកធ្លាយកាលពីថ្ងៃសៅរ៍ ទៅកាន់សារព័ត៌មានអ៊ីស្រាអែល។

ក្នុងរយៈពេល ៤សប្តាហ៍កន្លងមកនេះ មន្ត្រីអ៊ីស្រាអែល ៣នាក់ ដែលម្នាក់នៅក្នុងក្រុមចរចា និង ២នាក់ទៀតដឹងជិតស្និទ្ធពីកិច្ចពិភាក្សានោះ បានសម្តែងការព្រួយបារម្ភថាបញ្ហានយោបាយកំពុងធ្វើឱ្យប៉ះពាល់ដល់ឱកាសនៃកិច្ចព្រមព្រៀង។ ដៃគូសម្ព័ន្ធស្តាំនិយមជ្រុលមួយចំនួនរបស់លោក Netanyahu បានគំរាមកំហែងដល់ស្ថិរភាពរបស់រដ្ឋាភិបាល ប្រសិនបើសង្រ្គាមបញ្ចប់មុនពេលក្រុមហាម៉ាស ត្រូវបរាជ័យ។

របាយការណ៍មួយដោយសារព័ត៌មាន N12 News បានដកស្រង់សម្តីប្រធានាធិបតីអាមេរិក លោក Joe Biden ប្រាប់ទៅលោក Netanyahu នៅក្នុងការហៅទូរសព្ទកាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍មុនដោយនិយាយថា «ឈប់កុហកបោកប្រាស់យើងទៀត» អំពីការជំរុញកិច្ចពិភាក្សា។ របាយការណ៍ទីពីររបស់សារព័ត៌មានដដែលនេះបានដកស្រង់សម្តីប្រធានសន្តិសុខអ៊ីស្រាអែល ដែលបានបង្ហាញការសង្ស័យក្នុងអំឡុងពេលកិច្ចប្រជុំកាលពីថ្ងៃពុធ សប្ដាហ៍មុនស្តីពីការប្តេជ្ញាចិត្តរបស់លោក Netanyahu ចំពោះកិច្ចព្រមព្រៀងចំណាប់ថ្នូរ។ ការិយាល័យរបស់នាយករដ្ឋមន្រ្តីអ៊ីស្រាអែលរូបនេះ មិនបានធ្វើការអត្ថាធិប្បាយជុំវិញបញ្ហាទាំងនោះឡើយ៕