លោក ពូទីន ៖ ទំនាក់ទំនងរុស្ស៊ី-ចិន ឈានដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានពីមុនមក

ប៉េកាំង ៖ ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានប្រាប់មេដឹកនាំចិន លោក ស៊ី ជីនពីង ថា ទំនាក់ទំនងរវាងប្រទេសទាំងពីរបានឈានដល់ “កម្រិតខ្ពស់ដែលមិនធ្លាប់មានពីមុនមក”។ ជាការបញ្ជាក់ប្រាប់ ក្នុងពេលមេដឹកនាំទាំងពីរជួបគ្នា នៅក្រុងប៉េកាំង នាថ្ងៃពុធ ទី២០ ខែឧសភានេះ។

លោក ពូទីន បានប្រាប់លោក ស៊ី ថា «ថ្ងៃនេះ ទំនាក់ទំនងរបស់យើងបានឈានដល់កម្រិតខ្ពស់ ដែលមិនធ្លាប់មានពីមុនមក ដោយបម្រើជាគំរូនៃភាពជាដៃគូដ៏ទូលំទូលាយ និងកិច្ចសហប្រតិបត្តិការជាយុទ្ធសាស្ត្រ»។

បើតា RT ក៏បានចេញផ្សាយបន្ថែមថា ក្នុងជំនួបនោះដែរ, លោក វ្ល៉ាឌីមៀ ពូទីន ប្រាប់ លោក ស៊ី ជីនពីង ថា ទំហំពាណិជ្ជកម្មរវាងរុស្ស៊ី និង ចិន មានលើសពី ២០០ ពាន់លានដុល្លារ។ លោកបន្តថា ទោះបីជាប្រឈមមុខនឹងវិបត្តិមជ្ឈិមបូព៌ាក៏ដោយ, រុស្ស៊ីនៅតែជាអ្នកផ្គត់ផ្គង់ ដែលអាចទុកចិត្តបាន និង អ្នកទិញ ដែលទទួលខុសត្រូវ របស់ចិន។ លោក ពូទីន បន្ថែមថា អាទិភាពសម្រាប់គំនិតផ្តួចផ្តើមរួមគ្នា គឺកសិកម្ម, ការដឹកជញ្ជូន និង បច្ចេកវិទ្យាខ្ពស់។

ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន បានអញ្ជើញទៅដល់ទីក្រុងប៉េកាំង កាលពីល្ងាចថ្ងៃអង្គារ ដើម្បីពិភាក្សាជាមួយសមភាគីចិន លោក ស៊ី ជីនពីង ជាមិត្តល្អយូរអង្វែង ដោយមានបំណងបង្ហាញពីទំនាក់ទំនងរបស់ពួកលោក មិនរង្គោះរង្គើ ពោលគឺនៅប៉ុន្មានថ្ងៃ បន្ទាប់ពីដំណើរទស្សនកិច្ច របស់ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ នៅប្រទេសចិន៕

ប្រភព៖ AFP , RT


Comments

Leave a Reply

Your email address will not be published. Required fields are marked *