មូស្គូ ៖ អ្នកការទូតជាន់ខ្ពស់រុស្ស៊ី បានអះអាងថា មេដឹកនាំថ្មី របស់អ៊ីរ៉ង់ បានយល់ព្រម លើការគ្មានអាវុធនុយក្លេអ៊ែរ នៅក្នុងប្រទេសរបស់ខ្លួន។ នេះបើតាមការចេញផ្សាយ របស់ Tass នៅថ្ងៃពុធនេះ។
បើតាមប្រភព, អនុរដ្ឋមន្ត្រីការបរទេសរុស្ស៊ី លោក Sergey Ryabkov បាននិយាយ នៅក្នុងបទសម្ភាសន៍ ជាមួយសារព័ត៌មាន TASS ថា មេដឹកនាំថ្មីរបស់អ៊ីរ៉ង់ ក៏ដូចជា អ្នកកាន់តំណែងមុនរបស់ខ្លួន នៅតែប្តេជ្ញាចំពោះកាតព្វកិច្ច មិនឱ្យមានអាវុធនុយក្លេអ៊ែរ។
លោកអនុរដ្ឋមន្ត្រីការបរទេសបានកត់សម្គាល់ថា សន្ធិសញ្ញាស្តីពីការមិនរីកសាយភាយអាវុធនុយក្លេអ៊ែរ ហៅកាត់ NPT ដោះស្រាយបញ្ហាទាំងនេះ និង កំណត់នូវកាតព្វកិច្ចពាក់ព័ន្ធទាំងអស់ ដែលភាគីអ៊ីរ៉ង់ មិនដែលបោះបង់។
លោក Ryabkov បានសង្កត់ធ្ងន់ថា «ក្នុងពេលជាមួយគ្នានោះ NPT ក៏ផ្តល់សិទ្ធិឱ្យអ៊ីរ៉ង់នូវថាមពលនុយក្លេអ៊ែរដោយសន្តិភាព ក្រោមការត្រួតពិនិត្យរបស់ IAEA ដោយគ្មានការរឹតត្បិតណាមួយ រួមទាំងការចម្រាញ់សារធាតុអ៊ុយរ៉ាញ៉ូម» ។
អនុរដ្ឋមន្ត្រីការបរទេស បាននិយាយថា «សិទ្ធិនោះមិនអាចកាត់ផ្តាច់បានទេ ហើយមិនអាចស្ថិតនៅក្រោមការបកស្រាយពីខាងក្រៅ និងឱកាសនិយម នោះទេ។ មានតែប្រជាជនអ៊ីរ៉ង់ទេ ដែលកំណត់ពីរបៀបអនុវត្តវាឱ្យបានត្រឹមត្រូវ ដោយផ្អែកលើផលប្រយោជន៍ជាតិរបស់ពួកគេ»។
ការអះអាងនេះ ធ្វើឡើង ស្របពេលដែល ប្រទេសអ៊ីរ៉ង់ត្រៀមខ្លួនរួចជាស្រេច ក្នុងការប្រគល់ឃ្លាំងស្តុកសារធាតុអ៊ុយរ៉ាញ៉ូមចម្រាញ់រួចកម្រិតខ្ពស់របស់ខ្លួន ទៅឱ្យប្រទេសរុស្ស៊ី ជំនួសសហរដ្ឋអាមេរិក ដើម្បីជាថ្នូរនឹងកិច្ចព្រមព្រៀងសន្តិភាព ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន RT កាលពីថ្ងៃចន្ទ ៕
ប្រភពពី Tass

Leave a Reply