ធនាគារពិភពលោក វាយតម្លៃផលប៉ះពាល់នៃវិបត្តិនៅបង់ក្លាដែស លើកម្មវិធីប្រាក់កម្ចីរបស់ខ្លួន

ធនាគារពិភពលោក កាលពីថ្ងៃចន្ទ (០៥ សីហា) បាននិយាយថា ខ្លួនកំពុងវាយតម្លៃផលប៉ះពាល់នៃព្រឹត្តិការណ៍ដ៏តានតឹងនានានៅបង់ក្លាដែស លើកម្មវិធីប្រាក់កម្ចីរបស់ខ្លួនជាមួយប្រទេសនេះ បន្ទាប់ពីនាយករដ្ឋមន្ត្រី លោកស្រី សេក ហានីណា (Sheikh Hasina) បានលាលែងពីតំណែងហើយភៀសខ្លួនចេញពីប្រទេស។

ការចាកចេញរបស់លោកស្រី Hasina បានកើតឡើងបន្ទាប់ពីមនុស្សរាប់រយនាក់ត្រូវបានសម្លាប់នៅក្នុងការបង្រ្កាបលើបាតុកម្ម ដែលបានចាប់ផ្តើមនៅពេលដែលកាតវ៉ាប្រឆាំងនឹងការអនុគ្រោះកូតាការងារ បានក្លាយទៅជាចលនាទាមទារឱ្យលោកស្រីចុះចេញពីតំណែង។

អ្នកនាំពាក្យរបស់ធនាគារពិភពលោកបាននិយាយថា «យើងចូលរួមកាន់ទុកចំពោះការស្លាប់ដ៏សោកសៅ និងអំពើហិង្សា ដែលបានកើតឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះនៅបង់ក្លាដែស។ យើងកំពុងវាយតម្លៃផលប៉ះពាល់ដោយសារស្ថានភាពដ៏តានតឹងនេះទៅលើកម្មវិធីរបស់ធនាគារពិភពលោក ហើយនៅតែប្ដេជ្ញាគាំទ្រការអភិវឌ្ឍរបស់ប្រជាជនបង់ក្លាដែស»។

ធនាគារពិភពលោក គឺជាដៃគូអភិវឌ្ឍន៍ដំបូងគេដែលគាំទ្របង់ក្លាដែស បន្ទាប់ពីទទួលបានឯករាជ្យ។ ចាប់តាំងពីពេលនោះមក ធនាគារនេះបានប្តេជ្ញាផ្តល់ជំនួយឥតសំណងចំនួន ៤១ពាន់លានដុល្លារ និងឥណទានគ្មានការប្រាក់ជាច្រើន ដល់ប្រទេសដែលងាយរងគ្រោះដោយគ្រោះមហន្តរាយមួយនេះ៕