សម្តេចធិបតី៖ ការជំរុញការកសាងព្រែកជីកហ្វូណន ឱ្យខាងតែបាននឹងបញ្ចប់ក្ដីមន្ទិលសង្ស័យរបស់ពលរដ្ឋ

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងបញ្ជាក់ថា ការកសាងព្រែកជីក ហ្វូណនតេជោ គឺនឹងធ្វើឱ្យជនរួមជាតិទាំងអស់ ទាំងក្រុមប្រឆាំង និងមិនប្រឆាំង អស់មន្ទិលសង្ស័យ និងអស់កង្វល់ ក្រោយគម្រោងនេះសាងសង់រួចជាស្ថាពរហើយនោះ ហើយរាជរដ្ឋាភិបាល នឹងខិតខំជំរុញ គម្រោងនេះឱ្យចេញជារូបរាង ដើម្បីឧត្តមប្រយោជន៍រួមរបស់ជាតិ និងប្រជាជនខ្មែរទាំងមូលនោះ។

ក្នុងឱកាសអញ្ជើញជាអធិបតីភាពក្នុងពិធីប្រគល់សញ្ញាបត្រ ជូននិស្សិតសាកលវិទ្យាល័យពុទ្ធិ សាស្ត្រ នាព្រឹកថ្ងៃទី០៦ ខែសីហានេះ សម្តេចធិបតីនាយករដ្ឋមន្រ្តី បានលើកឡើងថា មានក្រុមអ្នកវិភាគ មួយក្តាប់តូច នៅតែរិះគន់ចំពោះគម្រោងព្រែកជីកហ្វូណនតេជោ បើទោះបីជាគម្រោងនេះបានសម្ពោធ បើកការដ្ឋានសាងសង់ជាផ្លូវការហើយនោះ ។

ក្រុមអ្នកវិភាគខ្លះ បាននិយាយថា គម្រោងព្រែកជីកនេះ សាងសង់មានភាពបត់បែនច្រើន មិនធ្វើត្រង់ ដោយសារតែពុករលួយ និងខ្លះទៀតនៅតែនិយាយច្រំដែលៗថា ការសាងសង់នូវគម្រោងនេះ នឹងបាត់បង់នូវអធិបតេយ្យជាតិជាដើម ។

សម្តេចធិបតី បានបញ្ជាក់ថា មូលហេតុដែលគម្រោងព្រែកជីកហ្វូណនតេជោត្រូវធ្វើបត់បែន មិនធ្វើ ត្រង់ ឬជីកត្រង់នោះ គឺដើម្បីបញ្ចៀសផលប៉ះពាល់ដល់បរិស្ថានធម្មជាតិ និងប៉ះពាល់ដល់គេហដ្ឋានប្រជា ពលរដ្ឋជាដើម ខណៈគម្រោងនេះជីកកន្លែងថ្មី មានត្រឹមតែប៉ុន្មានគីឡូប៉ុណ្ណោះ ។

យ៉ាងណាក៏ដោយ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានប្រកាសថ្លែងអំណរគុណដល់ជនរួមជាតិទាំងអស់ទាំងក្នុង និងក្រៅប្រទេស ដែលបានគាំទ្រនូវគម្រោងព្រែកជីកហ្វូណនតេជោ ដោយគ្រប់ស្ថាប័នរដ្ឋ ឯកជន និងតាមសាលារៀន វត្តអារាមទាំងអស់ ដែលបានវាយជួង ទូងស្គរ និងរគាំងដើម្បីជាការរួមចំណែកជាមួយរាជរដ្ឋាភិបាលចំពោះគម្រោងដ៏ប្រវត្តិសាស្រ្តមួយនេះ។ សម្តេចនៅតែនិយាយអះអាងថា គម្រោង ព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍​ដ៏​មហាសាលដល់សង្គម និងសេដ្ឋកិច្ចជាតិកម្ពុជា ដូចជាការពង្រីកការតភ្ជាប់ប្រព័ន្ធដឹកជញ្ជូន ពហុធម្យោបាយ ចំណេចចម្ងាយផ្លូវ ​ពេលវេលា និងថ្លៃដឹកជញ្ជូនប្រកបដោយ ភាពប្រកួតប្រជែង​ត្រង់ទៅសមុទ្រ បង្កើនវិសាលភាពប្រព័ន្ធស្រោចស្រព និងរំដោះទឹកជំនន់ ជួយពង្រីកនិង បង្កើនផលិតភាពនៃការដាំដុះនៅភាគនារតី ទទួលបានផលពីនេសាទ​ និងពីវារីវប្បកម្ម ព្រមទាំងជំរុញវិស័យ ទេសចរណ៍ និងវិនិយោគ ជាពិសេសការបង្កើតតំបន់សេដ្ឋកិច្ចពិសេស តំបន់ឧស្សាហកម្ម និងការកែច្នៃនាំចេញ ជាដើម៕អត្ថបទបាន ចក់