លោកខាងលិច ជំរុញឱ្យបង់ក្លាដែស បន្ថយភាពតានតឹង និងផ្លាស់ប្ដូរអំណាចតាមលទ្ធិប្រជាធិបតេយ្យ

មហាអំណាចលោកខាងលិច បានអំពាវនាវកាលពីថ្ងៃចន្ទ (០៥ សីហា) ឱ្យមានភាពស្ងប់ស្ងាត់នៅបង់ក្លាដែស បន្ទាប់ពីមេដឹកនាំដែលកាន់អំណាចយូរឆ្នាំ លោកស្រី សេក ហាស៊ីណា (Sheikh Hasina) បានចុះពីតំណែង និងភៀសខ្លួន ដោយអាមេរិក បានស្វាគមន៍យោធាចំពោះការបង្កើតរដ្ឋាភិបាលបណ្តោះអាសន្នជាជាងការបង្ក្រាបក្រុមបាតុករបន្ថែមទៀត។

ពលរដ្ឋបង់ក្លាដែសនៅបរទេសបានអបអរដំណឹងនេះ ខណៈប្រទេសផ្សេងទៀត ជំរុញឱ្យប្រទេសនេះរក្សាសណ្ដាប់ធ្នាប់ បន្ទាប់ពីការតវ៉ាដ៏ហិង្សា។ សហភាពអឺរ៉ុប បានអំពាវនាវឱ្យ «ស្ងប់ស្ងាត់ និងអត់ធ្មត់ ហើយជំរុញឱ្យអ្នកដែលត្រូវបានឃុំខ្លួនតាមអំពើចិត្តគួរតែត្រូវបានដោះលែងជាបន្ទាន់»។

អ្នកនាំពាក្យរបស់នាយករដ្ឋមន្ត្រីអង់គ្លេស លោក គា ស្តាមើ (KEIR STARMER) និយាយថា «អ្នកស្លាប់ដ៏ច្រើន រួមទាំងសិស្ស កុមារ និងមន្ត្រីអនុវត្តច្បាប់ក្នុងការតវ៉ានៅបង់ក្លាដែស គឺមិនអាចទទួលយកបានទេ»។ ក្រសួងការបរទេសកាណាដា បានថ្កោលទោសអពើហិង្សានោះ ហើយជំរុញឱ្យភាគីនានាគោរពការផ្លាស់ប្ដូរអំណាចដោយសន្តិវធី និងប្រកបដោយប្រជាធិបតេយ្យ។

ប្រទេសផ្សេងទៀតរួមទាំងស្រីលង្កា រុស្ស៊ី និងអាល្លឺម៉ង់ ក៏បានជំរុញឱ្យអត់ធ្មត់ ការរួបរួម រួមទាំងក្តីសង្ឃឹមសម្រាប់ការវិលត្រលប់ទៅរកសន្តិភាព និងស្ថិរភាពយ៉ាងឆាប់រហ័ស ដោយជំរុញឱ្យបង់ក្លាដែស បន្តដើរតាមមាគ៌ាប្រជាធិបតេយ្យ៕