យោធា៖ ទាហានប៉ាគីស្ថាន១៣៩នាក់ ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការប្រឆាំងភេរវកម្មក្នុងឆ្នាំ២០២៤

យោធាប្រទេសប៉ាគីស្ថាន បាននិយាយកាលពីថ្ងៃចន្ទថា ទាហាន១៣៩នាក់ រួមមានទាំងមន្រ្តី បានបាត់បង់ជីវិត នៅក្នុងការប្រយុទ្ធប្រឆាំងក្រុមភេរវករដែលនៅតែបន្ត ក្នុងអំឡុងពេលប្រាំពីរខែដំបូងនៃឆ្នាំ ២០២៤នេះ។

អគ្គនាយកផ្នែកទំនាក់ទំនងសាធារណៈអន្តរសេវាកម្ម (ISPR) ដែលជាស្លាបប្រព័ន្ធផ្សព្វផ្សាយរបស់កងទ័ពប៉ាគីស្ថាន លោក Ahmed Sharif បានពន្យល់អ្នកសារព័ត៌មានអំពីស្ថានភាពសន្តិសុខ ដោយលើកឡើងពីកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធប្រឆាំងភេរវកម្ម និងសកម្មភាពប្រកបដោយវិជ្ជាជីវៈរបស់យោធា និងទីភ្នាក់ងារអនុវត្តច្បាប់។

លោកនិយាយថា កងកម្លាំងសន្តិសុខ និងទីភ្នាក់ងារអនុវត្តន៍ច្បាប់ បានធ្វើប្រតិបត្តិការមានមូលដ្ឋានលើការស៊ើបការណ៍សម្ងាត់ចំនួន២៣.៦២២លើក នៅទូទាំងប្រទេស ហើយក្នុងចំណោមប្រតិបត្តិការសរុបចំនួន ២.០៤៥លើក ត្រូវបានអនុវត្តក្នុងរយៈពេល១៥ថ្ងៃចុងក្រោយនេះ។

លោក Sharif បានបញ្ជាក់ពីកិច្ចខិតខំប្រឹងប្រែងឥតឈប់ឈររបស់កងទ័ពប្រទេសប៉ាគីស្ថាន ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ នគរបាល និងទីភ្នាក់ងារអនុវត្តន៍ច្បាប់ ដោយនិយាយថា ភេរវករ២៤នាក់ ត្រូវបានសម្លាប់ក្នុងអំឡុងពេល១៥ ថ្ងៃ ចុងក្រោយនេះ។

ដោយគោរពចំពោះការលះបង់របស់កងកម្លាំងសន្តិសុខ មន្ត្រីរូបនេះបាននិយាយថា «ប្រជាជាតិទាំងមូលសូមគោរពវិញ្ញាណក្ខន្ធដល់យុទ្ធជនពលីដ៏អង់អាចក្លាហាន និងក្រុមគ្រួសាររបស់ពួកគេ»។ លោកបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញារបស់ប្រទេស ក្នុងការបន្តប្រយុទ្ធប្រឆាំងក្រុមភេរវកររហូតដល់ភេរវករចុងក្រោយត្រូវបានសម្លាប់ ដោយធានាបាននូវសន្តិភាព និងស្ថិរភាពយូរអង្វែងសម្រាប់ប្រទេសប៉ាគីស្ថាន។