បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងសម្រាកសម្រាំងធ្វើការងារដាក់បំពង់មេនាំទឹកដើម្បីរុញទឹកទៅផ្គត់ផ្គង់នៅតាមតំបន់ជាយរាជធានីភ្នំពេញ ភាគខាងជើង ត្បូង លិច និងខាងកើត។ នេះបើតាមប្រសាន៍ឯកឧត្តម ឡុង ណារ៉ូ ប្រតិភូរាជរដ្ឋាភិបាលកម្ពុជា ទទួលបន្ទុកជាអគ្គនាយកនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានផ្តល់បទសម្ភាសជាមួយBTV នៅថ្ងៃទី០៦ ខែសីហានេះ។
នៅក្នុងបទសម្ភាស ឯកឧត្តមបានបន្តថា តាមការគ្រោងទុកនៅចុងឆ្នាំ២០២៤នេះ ការងារដាក់បំពង់មេនាំទឹកដែលមាននៅក្នុងផែនការមេ នឹងត្រូវបញ្ចប់នៅជំហានទី១ ក្នុងគម្រោងរោងចក្រផលិតទឹកស្អាតបាក់ខែងទី១ និងបាក់ខែងទី២។ អញ្ចឹងទឹកអាចនឹងផ្គត់ផ្គង់បាននៅប៉ែកខាងលិច និងប៉ែកខាងត្បូងឈាងខាងកើត ជាពិសេសតំបន់គួរស្រូវ។ ចំពោះប៉ែកខាងជើង និងប៉ែកខាងកើត រាជធានីភ្នំពេញ មានសង្កាត់មួយចំនួនស្ថិតនៅក្រោមការគ្រប់គ្រងរបស់ប្រតិបត្តិករឯកជន ខណៈរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញកំពុងធ្វើកិច្ចសហការជាមួយប្រតិបត្តិករឯកជន ដើម្បីរកវិធីផ្គត់ផ្គង់ទឹកស្អាតជូនដល់អតិថិជន។
គួរបញ្ជាក់ដែរថា បច្ចុប្បន្ន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ កំពុងដាក់ឱ្យដំណើរការរោងចក្រផលិតទឹកស្អាតចំនួន៥ទីតាំង ដែលក្នុងនោះរួមមាន៖ទី១.រោងចក្រផលិតទឹកស្អាតភូមិព្រែក ស្ថិតនៅខេត្តកណ្តាល ទី២.រោងចក្រផលិតទឹកស្អាតជ្រោយចង្វា ទី៣.រោងចក្រផលិតទឹកស្អាតចំការមន ទី៤.រោងចក្រផលិតទឹកស្អាតនិរោធ និងទី៥.រោងចក្រផលិតទឹកស្អាតបាក់ខែង ។ រោងចក្រទាំង៥នេះ អាចផលិតទឹកស្អាតបានចំនួនជិត១លានម៉ែត្រគូបក្នុងមួយថ្ងៃ៕ អត្ថបទ៖ទូច សោភ័ណ
Leave a Reply