អ៊ីស្រាអែលព្រមព្រៀងចាប់ផ្តើមចរចាបទឈប់បាញ់ហ្កាហ្សា ធ្វើឡើងនៅថ្ងទី១៥ខែសីហា

ការិយាល័យរបស់នាយករដ្ឋមន្ត្រី លោក Benjamin Netanyahu បាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថា អ៊ីស្រាអែល បានយល់ព្រមចាប់ផ្តើមកិច្ចចរចាបទឈប់បាញ់នៅតំបន់ហ្កាហ្សា នៅថ្ងៃទី ១៥ ខែសីហា តាមការទាមទាររបស់សហរដ្ឋអាមេរិក កាតា និងក្រុមអ្នកសម្របសម្រួលរបស់អេហ្ស៊ីប ខណៈភាពតានតឹងក្នុងតំបន់បានកើនឡើងយ៉ាងខ្លាំងជុំវិញសង្គ្រាមនេះ។

ទីភ្នាក់ងារការពារជនស៊ីវិលក្នុងដែនដីហ្កាហ្សាគ្រប់គ្រងដោយក្រុមហាម៉ាស និយាយថា ការទម្លាក់គ្រាប់បែកយ៉ាងសន្ធាប់របស់អ៊ីស្រាអែលបានសម្លាប់មនុស្សរាប់សិបនាក់ក្នុងការវាយប្រហារលើសាលារៀនចំនួនពីរកាលពីថ្ងៃព្រហស្បតិ៍ ខណៈអ៊ីរ៉ង់បានចោទប្រកាន់អ៊ីស្រាអែលពីបទចង់ឲ្យសង្រ្គាមឆាបឆេះនៅមជ្ឈិមបូព៌ា។

កាតា អេហ្ស៊ីប និងសហរដ្ឋអាមេរិក បានអញ្ជើញអ៊ីស្រាអែល និងក្រុមហាម៉ាស ចាប់ផ្ដើមកិច្ចចរចាដើម្បីឈានដល់បទឈប់បាញ់នៅតំបន់ហ្កាហ្សាស្ទ្រីប ស្របពេលការទម្លាក់គ្រាប់បែកជាបន្តបន្ទាប់របស់អ៊ីស្រាអែលទៅលើដែនដីនេះបានសម្លាប់ប្រជាជនប៉ាឡេស្ទីនជិត ៤ម៉ឺនាក់ និងបង្កើនក្ដីបារម្ភថាសង្គ្រាមនេះអាចនឹងហៀរពាសពេញតំបន់បន្ថែមទៀត។

នៅក្នុងសេចក្តីថ្លែងការណ៍រួមមួយកាលពីថ្ងៃព្រហស្បតិ៍ មេដឹកនាំប្រទេសទាំងបីបានអញ្ជើញភាគីសង្រ្គាមឱ្យបន្តការចរចាឡើងវិញនៅថ្ងៃទី ១៥ ខែសីហានៅទីក្រុងដូហា(Doha) ឬ ទីក្រុងគែរ (Cairo) ដើម្បីបិទចន្លោះប្រហោងដែលនៅសល់ទាំងអស់ ហើយចាប់ផ្តើមការអនុវត្តកិច្ចព្រមព្រៀងដោយគ្មានការពន្យារពេលបន្ថែមទៀត។

ប្រទេសទាំង៣នោះបាននិយាយថា កិច្ចព្រមព្រៀងក្របខ័ណ្ឌមួយគឺ “ឥឡូវនេះនៅលើតុ ដោយនៅសល់តែព័ត៌មានលម្អិតនៃការអនុវត្តប៉ុណ្ណោះ” ហើយក្រុមអ្នកសម្របសម្រួលត្រូវបាន”រៀបចំដើម្បីបង្ហាញសំណើចុងក្រោយ” ដើម្បីដោះស្រាយបញ្ហាដែលនៅសេសសល់៕9/8/2024