កសិករម៉ិកស៊ិក បិទផ្លូវហាយវ៉េ រយៈពេលជាង៤០ម៉ោង ដើម្បីទាមទារសំណងហួសកាលកំណត់

កសិករប្រទេសម៉ិកស៊ិក បានបិទផ្លូវហាយវ៉េដ៏សំខាន់មួយ រវាងទីក្រុង Mexico City និងទីក្រុង Puebla នៅម៉ិកស៊ិកភាគកណ្តាលរយៈពេលជាង៤០ម៉ោង ដើម្បីទាមទារប្រាក់សំណងហួសកាលកំណត់ពីរដ្ឋាភិបាល។

កសិកររាប់សិបនាក់ បានចាប់ផ្តើមការតវ៉ាចាប់តាំងពីថ្ងៃអង្គារ ដោយទាមទារឱ្យរដ្ឋាភិបាលបង់ប្រាក់សំណងដែលហួសកាលកំណត់ សម្រាប់ដីដែលត្រូវបានដកហូតយកកាលពី៦០ឆ្នាំមុន ដើម្បីសាងសង់ផ្លូវហាយវ៉េ។

ការតវ៉ានេះ បានធ្វើឱ្យមនុស្សរាប់រយនាក់ជាប់គាំងដំណើរនៅក្នុងរថយន្តរបស់ពួកគេរយៈពេលជាង៤០ម៉ោង។

កសិករ បានអនុញ្ញាតឲ្យចរាចរណ៍ឆ្លងកាត់រយៈពេលប្រហែលពីរម៉ោងកាលពីរសៀលថ្ងៃពុធ មុននឹងបន្តការបិទផ្លូវឡើងវិញ។ ពួកគេបាននិយាយថា ការបិទផ្លូវនឹងមិនត្រូវបានដកចេញឡើយ រហូតដល់ការទាមទាររបស់ពួកគេត្រូវបានបំពេញ។

រដ្ឋាភិបាលប្រទេសម៉ិកស៊ិក បានព្រមព្រៀងផ្តល់សំណងដល់កសិករសម្រាប់ការខូចខាតដែលបណ្តាលមកពីការសាងសង់ផ្លូវហាយវ៉េម៉ិកស៊ិក-ពូអេប្លា ប៉ុន្តែបានត្រឹមតែតម្លៃដែលបង្កើតឡើងដោយការវាយតម្លៃជាផ្លូវការ ប៉ុណ្ណោះ។