លោក Trump និង លោកស្រី Harris យល់ព្រមជជែកដេញដោលលើវាទិកា ABC News  នៅថ្ងៃទី១០ខែកញ្ញា

លោក Donald Trump និង លោកស្រី Kamala Harris គ្រោងនឹងជជែកដេញដោលនៅលើកញ្ចក់ទូរទស្សន៍របស់ ABC News ក្នុងទីក្រុងញូវយ៉កថ្ងៃទី ១០ ខែកញ្ញា បន្ទាប់ពីអតីតប្រធានាធិបតីរូបនេះបាននិយាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះថាលោកបានយល់ព្រមជួបតទល់មុខគ្នានៅខែក្រោយ។

បណ្ដាញទូរទស្សន៍ ABC News បាននិយាយក្នុងសេចក្ដីថ្លែងការណ៍មួយថា ខ្លួននឹងរៀបចំបេក្ខជនប្រធានាធិបតីដែលមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ដើម្បីជជែកដេញដោលនៅថ្ងៃទី ១០ ខែកញ្ញានៅលើ ទូរទស្សន៍ABC ។

លោកស្រីអនុប្រធានាធិបតី Harris និងអតីតប្រធានាធិបតី លោក Trump បានអះអាងថាពួកគេនឹងចូលរួមការជជែកដេញដោលរបស់បណ្ដាញទូរទស្សន៍ABC ។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មាននៅឯរមណីយដ្ឋាន Mar-a-Lago របស់លោកក្នុងរដ្ឋ Florida លោក Trump បាននិយាយថារូបលោក “ទន្ទឹងរង់ចាំ”ឱកាសជជែកដេញដោលជាមួយលោកស្រីអនុប្រធានាធិបតី ហើយថាលោកបានយល់ព្រមចំពោះកាលបរិច្ឆេទនាពេលខាងមុខជាមួយទូរទស្សន៍ Fox News, ABC និង NBC ។

ខ្ញុំគិតថាវាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការជជែកដេញដោលនានា ហើយយើងបានយល់ព្រមជាមួយ Fox News នៅថ្ងៃទី ៤ ខែកញ្ញា។ យើងបានយល់ព្រមជាមួយ NBC ថ្ងៃ២៥ កញ្ញា ។ ហើយយើងបានយល់ព្រមជាមួយ ABC ថ្ងៃ១០ កញ្ញា៕