សម្ដេចធិបតី ហ៊ុន ម៉ាណែត ណែនាំឲ្យរដ្ឋមន្ត្រីក្រសួងធនធានទឹកជ្រើសរើស​ពលរដ្ឋ​នៅ មូលដ្ឋានចូលធ្វើការក្នុងការដ្ឋានសំណង់ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់

តាមរយៈ Telegram នៅព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៤នេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានណែនាំទៅឯកឧត្តម រដ្ឋមន្ត្រីក្រសួងធនធានទឹក សូមឱ្យផ្តល់ការ​យកចិត្ត​ទុកដាក់​ក្នុង​ការ​ជ្រើសរើស​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រចិ​ត្ត​នៅមូ​លដ្ឋាន ដើម្បីចូលធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់ស្ទឹងស្លាប់)។

សម្ដេចធិបតី នាយករដ្ឋមន្ត្រីបានបញ្ជាក់ថា នៅក្នុងដំណើរ​ចុះត្រួតពិនិត្យក្នុងតំបន់ទឹកជំនន់មួយចំនួន​កាលពីចុងសប្ដាហ៍កន្លងទៅ​សម្ដេច​បានជួបជាមួយលោកពូម្នាក់ និងក្មួយស្រីរបស់គាត់​ដោយចៃដន្យពេលចុះពីលើទូក។ សម្ដេច​បានអរគុណពូ និងប្អូនស្រី ដែលបានអញ្ជើញសម្ដេច​ និងក្រុមការងារចូលលេងក្នុងផ្ទះ ​ដែល​ផ្ដល់​​ឱកាសឱ្យសម្ដេចបានជជែកលេងជាមួយ និងបានសួរនាំអំពីស្ថានភាពទឹក ក៏ដូច​ជា​ការ​ប្រកបរ​បរ​ចិញ្ចឹមជីវិតរបស់ប្រជាពលរដ្ឋនៅទីនេះក្នុងពេលបច្ចុប្បន្ន និងពីមុនមក។

ជាមួយគ្នានោះ សម្ដេចធិបតី ហ៊ុន ម៉ាណែត ក៏បាន​ជម្រាប​ជូន​គាត់​អំពីផែនការ​មួយចំ​នួន​របស់​រាជរដ្ឋាភិបាល​ដែលពាក់ព័ន្ធនឹងភូមិស្រុករបស់គាត់រួមទាំងការកសាង​ទំនប់ស្ទាក់ទឹកកំពង់គោ ដែល​នៅជិតនោះ ក៏ដូចគម្រោងធ្វើឱ្យប្រសើរឡើងនូវផ្លូវឆ្លងកាត់ភូមិរបស់គាត់នៅពេលខាងមុខ។

សម្ដេចធិបតីបានបញ្ជាក់ថា សម្ដេចបានផ្តល់គោលការណ៍ទៅឯកឧត្តម រដ្ឋមន្ត្រី​ក្រសួង​ធន​ធាន​ទឹក សូ​មឱ្យផ្តល់ការយកចិត្តទុកដាក់ក្នុង​ការជ្រើស​រើស​ប្រជាពលរដ្ឋ​ដែល​ស្ម័គ្រ​ចិត្ត​នៅ​មូលដ្ឋាន​ ដើម្បី​ចូល​ធ្វើការនៅក្នុងការដ្ឋានសំណង់ទំនប់ស្ទាក់ទឹកទាំងពីរ (ទំនប់កំពង់គោ និងទំនប់​ស្ទឹង​ស្លាប់​)។

សូមជម្រាបជូនថា កាលពីថ្ងៃទី១០ខែសីហា ឆ្នាំ២០២៤ កន្លងទៅ សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា បានអញ្ជើញចុះត្រួតពិនិត្យ​តំបន់លិចទឹកដោយទឹកជំនន់នៅឃុំកំពង់គោ ស្រុក​កំពង់ស្វាយ ព្រមទាំងពិនិត្យការដ្ឋានសាងសង់ទំនប់ទឹកកំពង់គោ និងការដ្ឋាន​សាង​សង់​ទំនប់​​ស្ទាក់​ទឹក​ស្ទឹងស្លាប់ នៅឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ៕