ឪពុកម្តាយក្មេងស្រីរងគ្រោះក្នុងការចាក់សម្លាប់ដោយកាំបិតនៅអង់គ្លេស ជំរុញឱ្យបញ្ចប់កុបកម្ម

ឪពុកម្តាយរបស់ក្មេងស្រីម្នាក់ក្នុងចំណោមបីនាក់ ដែលត្រូវបានសម្លាប់នៅក្នុងព្រឹត្តិការណ៍តន្រ្តីមួយ នៅភាគខាងជើងដែនដីអង់គ្លេស កាលពីខែមុន បានអំពាវនាវឱ្យបញ្ចប់កុបកម្មទូទាំងប្រទេស ដែលធ្វើឡើងបន្ទាប់ពីការស្លាប់របស់ពួកគេ ខណៈកំពុងប្រារព្ធពិធីបុណ្យសពដ៏សោកសៅសម្រាប់កូនស្រីរបស់ពួកគេ។

កុមារី អាលីស ដាស៊ីលវ៉ា អាហ្គីអា (Alice da Silva Aguiar) អាយុ ៩ឆ្នាំ និងក្មេងស្រីពីរនាក់ផ្សេងទៀតបានស្លាប់ និង ៨នាក់បានរងរបួស បន្ទាប់ពីត្រូវបានគេចាក់នៅក្នុងការវាយប្រហារនៅឯទីក្រុងមាត់សមុទ្រ សៅផត (Southport) កាលពីពីរសប្តាហ៍មុន។

កុបកម្មជាច្រើនថ្ងៃបានកើតមានឡើងនៅក្រុង Southport និងនៅតាមទីប្រជុំជន និងទីក្រុងនានាទូទាំងចក្រភពអង់គ្លេស ដែលបង្កឡើងដោយការបង្ហោះតាមអ៊ីនធឺណិតមិនពិត ដែលកំណត់អត្តសញ្ញាណឃាតករដែលសង្ស័យថាជាជនអន្តោប្រវេសន៍ជនជាតិអ៊ីស្លាម។ ក្មេងជំទង់ម្នាក់ កើតក្នុងចក្រភពអង់គ្លេស ចាប់តាំងពីពេលនោះមកត្រូវបានចោទប្រកាន់ ហើយនគរបាលនិយាយថា ឧប្បត្តិហេតុនេះមិនត្រូវបានចាត់ទុកជាអំពើភេរវកម្មទេ។

នៅឯពិធីបុណ្យសពរបស់កុមារី Aguiar ប្រមុខនគរបាលក្នុងតំបន់បានប្រាប់អ្នកចូលរួមបុណ្យសពថា ឪពុកម្តាយជនជាតិព័រទុយហ្គាល់ ឈ្មោះ សើជីអូ (Sergio) និង អាឡិចសានដ្រា (Alexandra) របស់ក្មេងស្រីនេះ បានស្នើសុំឱ្យធ្វើការអំពាវនាវជាសាធារណៈឱ្យមានភាពស្ងប់ស្ងាត់។ នគរបាល និងអ្នកនយោបាយជឿថា ការឆ្លើយតបយ៉ាងរហ័ស និងតឹងតែងពីអាជ្ញាធរ រួមជាមួយនឹងមនុស្សរាប់ពាន់នាក់ដែលចូលរួមការតវ៉ាប្រឆាំងតប ចាប់តាំងពីថ្ងៃពុធមក បានរារាំងមនុស្សពីការចូលរួមក្នុងតវ៉ាបន្ថែមទៀត ដែលលោកនាយករដ្ឋមន្ត្រី គា ស្តាមើ (Keir Starmer) បានរិះគន់ថាជា «ក្រុមចោរស្តាំនិយមជ្រុល»៕