[UPDATE] មូលហេតុធ្លាក់យន្តហោះប្រេស៊ីល ដែលសម្លាប់មនុស្ស ៦២នាក់ នៅមិនទាន់ដឹងនៅឡើយ

យន្តហោះ ATR-72 ដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ក្នុងតំបន់ វ៉ូប៉ាស (Voepass) បានធ្លាក់កាលពីថ្ងៃសុក្រ (០៩ សីហា) សប្ដាហ៍មុន នៅជិតទីក្រុង សៅប៉ូឡូ (Sao Paulo) ប្រទេសប្រេស៊ីល ដោយសម្លាប់អ្នកដំណើរទាំង ៦២នាក់នៅលើយន្តហោះ ប៉ុន្តែមូលហេតុក្នុងឧបទ្ទវហេតុនេះនៅតែមិនទាន់ដឹងនៅឡើយ។

ប្រធានមជ្ឈមណ្ឌលស៊ើបអង្កេតគ្រោះថ្នាក់អាកាសចរណ៍ប្រេស៊ីល សេនីប៉ា (Cenipa) បាននិយាយកាលពីថ្ងៃអាទិត្យ (១១ សីហា) ថា ក្រុមអ្នកស៊ើបអង្កេតបានរកឃើញប្រអប់ខ្មៅរបស់យន្តហោះដែលមានការថតសំឡេង និងទិន្នន័យហោះហើរ ហើយរបាយការណ៍បឋមរំពឹងថាចេញក្នុងរយៈពេល ៣០ថ្ងៃ។

យន្តហោះបានធ្វើដំណើរឆ្ពោះទៅទីក្រុង Sao Paulo ពីទីក្រុង កាស្កាវែល (Cascavel) រដ្ឋ ប៉ារ៉ាណា (Parana) ហើយបានធ្លាក់នៅម៉ោងប្រហែល ១:៣០នាទីរសៀល (ម៉ោងក្នុងស្រុក) នៅទីក្រុង វីញ៉េដូ (Vinhedo) ប្រហែល ៨០គីឡូម៉ែត្រ ភាគពាយព្យនៃក្រុង Sao Paulo ។ កងទ័ពអាកាសប្រេស៊ីល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា យន្តហោះបានហោះហើរជាធម្មតារហូតដល់ម៉ោង ១:២១នាទីរសៀល ក៏បានឈប់ឆ្លើយតប ហើយបានបាត់ទំនាក់ទំនងរ៉ាដា នៅម៉ោង ១:២២នាទីរសៀល ប៉ុន្តែយន្តហោះនេះមិនបានរាយការណ៍ពីភាពអាសន្នអ្វីឡើយ។

អ្នកជំនាញផ្នែកសុវត្ថិភាពអាកាសចរណ៍របស់សហរដ្ឋអាមេរិក លោក អង់តូនី ប្រ៊ីកហោស៍ (Anthony Brickhouse) បាននិយាយថា អ្នកស៊ើបអង្កេតនឹងពិនិត្យទៅលើហេតុផលដូចជាអាកាសធាតុ និងពិនិត្យមើលថាតើម៉ាស៊ីន និងការគ្រប់គ្រងដំណើរការបានត្រឹមត្រូវកម្រិតណា ដើម្បីជួយកំណត់មូលហេតុដែលបណ្តាលឱ្យបាត់បង់ការគ្រប់គ្រង។

អ្នកជំនាញបាននិយាយថា ការធ្លាក់យន្តហោះអាចបណ្តាលមកពីកត្តាមួយចំនួន ដែលក្នុងចំណោមនោះអាចជាកម្រិតទឹកកកក្រាស់ពេក ការបរាជ័យម៉ាស៊ីន ឬកំហុសរបស់មនុស្ស ខណៈកាលពីថ្ងៃសុក្រ ក្រុមហ៊ុនអាកាសចរណ៍ Voepass និយាយថា កម្រិតទឹកកកត្រូវព្យាករនៅរយៈកម្ពស់ដែលយន្តហោះកំពុងហោះហើរ ប៉ុន្តែវាគួរតែស្ថិតនៅក្នុងកម្រិតដែលអាចទទួលយកបាន៕