របាយការណ៍៖ មនុស្សជាង ៤៧.០០០នាក់ស្លាប់នៅអឺរ៉ុបកាលពីឆ្នាំមុន ដោយសារតែកម្ដៅ

មនុស្សជាង ៤៧.០០០នាក់ បានស្លាប់នៅក្នុងទ្វីបអឺរ៉ុប ដោយសារតែសីតុណ្ហភាពក្តៅខ្លាំងក្នុងឆ្នាំ២០២៣ ជាមួយនឹងបណ្តាប្រទេសនៅតំបន់ភាគខាងត្បូងជាតំបន់រងគ្រោះខ្លាំងបំផុត នេះបើយោងតាមរបាយការណ៍របស់វិទ្យាស្ថាន បាសេឡូណា សម្រាប់សុខភាពសកល (ISGlobal) ដែលបានចេញផ្សាយកាលពីថ្ងៃចន្ទ (១២ សីហា)។

កាលពីឆ្នាំមុន គឺជាឆ្នាំដែលក្តៅបំផុតក្នុងពិភពលោកក្នុងកំណត់ត្រា។ ដោយសារបម្រែបម្រួលអាកាសធាតុបន្តបង្កើនសីតុណ្ហភាព ប្រជាជនអឺរ៉ុបរស់នៅក្នុងទ្វីបដែលមានការឡើងកម្ដៅលឿនបំផុតរបស់ពិភពលោក ប្រឈមមុខនឹងកំណើនហានិភ័យសុខភាពដោយសារកម្ដៅលើសកម្រិត។

ចំនួនអ្នកស្លាប់ឆ្នាំ២០២៣ ដែលទាបជាងការស្លាប់ទាក់ទងនឹងកម្ដៅជាង ៦០.០០០នាក់ដែលបានប៉ាន់ប្រមាណសម្រាប់ឆ្នាំមុននោះ អាចនឹងខ្ពស់ជាងនេះ ៨០ភាគរយ បើពុំមានវិធានការណែនាំក្នុងរយៈពេល ២០ឆ្នាំចុងក្រោយនេះដើម្បីជួយមនុស្សសម្របខ្លួនទៅនឹងការកើនឡើងនៃសីតុណ្ហភាព ដូចជាប្រព័ន្ធព្រមានជាមុន និងការកែលម្អការថែទាំសុខភាពជាដើម នេះបើតាមរបាយការណ៍របស់មជ្ឈមណ្ឌលស្រាវជ្រាវអេស្ប៉ាញមួយនេះ។

អ្នកស្រាវជ្រាវបានប្រើកំណត់ត្រានៃការស្លាប់ និងសីតុណ្ហភាពពីប្រទេសចំនួន ៣៥នៅអឺរ៉ុប។ ពួកគេបានប៉ាន់ប្រមាណថា មនុស្ស ៤៧.៦៩០នាក់ បានស្លាប់ដោយសារមូលហេតុទាក់ទងនឹងសីតុណ្ហភាពខ្ពស់។ កំណែតម្រូវទិន្នន័យតាមចំនួនប្រជាជនបង្ហាញថា ប្រទេសក្រិក ប៊ុលហ្គារី អ៊ីតាលី និងអេស្ប៉ាញ គឺជាប្រទេសដែលមានអត្រាមរណភាពខ្ពស់បំផុតទាក់ទងនឹងកម្ដៅ៕