កូរ៉េខាងជើង និងកូរ៉េខាងត្បូង កំពុងស្ថិតនៅក្រោមរលកកម្ដៅដ៏ខ្លាំងក្លា

យោងតាមទិន្នន័យផ្លូវការដែលចេញផ្សាយកាលពីថ្ងៃពុធ (១៤ សីហា) បានឱ្យដឹងថា រាត្រីត្រូពិចដ៏ក្តៅគគុក ត្រូវបានរំពឹងថានឹងបំបែកកំណត់ត្រាអាកាសធាតុក្ដៅខ្លាំងរបស់កូរ៉េខាងត្បូង ដែលមានអាយុកាលមួយសតវត្សរ៍ ខណៈឧបទ្វីបកូរ៉េ កំពុងស្ថិតក្រោមរលកកម្ដៅដ៏អូសបន្លាយ។

ជាមួយគ្នានេះ អាជ្ញាធរកូរ៉េខាងជើងក៏បានចេញការព្រមានអំពី «កម្ដៅដ៏គ្រោះថ្នាក់» ជាមួយនឹងសីតុណ្ហភាពអាចឡើងដល់ ៣៧អង្សារសេ ខណៈរូបភាពពីសារព័ត៌មាន AFP បានបង្ហាញអ្នកស្រុកទីក្រុងព្យុងយ៉ាង ប្រើប្រាស់ឆ័ត្រ និងកូនកង្ហាតូចៗដាក់តាមខ្លួនដើម្បីផ្ដល់ភាពត្រជាក់។

ផ្នែកភាគច្រើននៃពិភពលោកកំពុងស៊ូទ្រាំនឹងរដូវក្តៅដែលមានអាកាសធាតុក្ដៅខ្លាំង ដោយអង្គការសហប្រជាជាតិបានព្រមានកាលពីខែមុនថា មនុស្សជាតិកំពុងទទួលរង «ការរីករាលដាលនៃកម្ដៅខ្ពស់» និងអំពាវនាវឱ្យចាត់វិធានការដើម្បីបន្ថយផលប៉ះពាល់នៃរលកកម្ដៅដែលកាន់តែខ្លាំងឡើងដោយបម្រែបម្រួលអាកាសធាតុ។

ទីក្រុងសេអ៊ូល បានឆ្លងកាត់រាត្រីត្រូពិចលើកទី២៤ ជាប់ៗគ្នាដល់ថ្ងៃពុធ ដែលជារយៈពេលវែងបំផុតទីពីរចាប់តាំងពីការសង្កេតអាកាសធាតុសម័យទំនើបបានចាប់ផ្តើមនៅឆ្នាំ១៩០៧។ សូមបញ្ជាក់ថា បាតុភូត «រាត្រីត្រូពិច» សំដៅទៅលើនៅពេលដែលសីតុណ្ហភាពមិនធ្លាក់ចុះក្រោម ២៥អង្សាសេពេញមួយយប់ នេះបើយោងតាមឧតុនិយមរដ្ឋបាលកូរ៉េ។

ជាមួយនឹងការព្យាករថារលកកម្ដៅនឹងបន្តដល់សប្តាហ៍ក្រោយ កូរ៉េខាងត្បូងទំនងជានឹងបំបែកកំណត់ត្រាកម្ដៅ ២៦ថ្ងៃជាប់ៗគ្នានៅថ្ងៃសៅរ៍ (១៧ សីហា) ខាងមុខនេះ។ យោងតាមទិន្នន័យពីក្រសួងមហាផ្ទៃទីក្រុងសេអ៊ូល បានឱ្យដឹងថា រហូតមកដល់ពេលនេះមនុស្ស ២១នាក់បានស្លាប់ដោយសង្ស័យថាបណ្តាលមកពីកម្ដៅ ហើយបសុសត្វរាប់សែនក្បាលក៏បានងាប់ផងដែរ៕