សម្ដេចធិបតី៖ រាជរដ្ឋាភិបាលត្រៀមអនុវត្តច្បាប់ចំពោះអ្នកបំផុសធ្វើអ្វីខុសច្បាប់ និងដុតប្រទេស

ក្នុងឱកាសអញ្ជើញ សំណេះសំណាលជាមួយអាចារ្យ អាចារិនីចំនួន១ពាន់នាក់ នៅវិទ្យាស្ថាន​ជាតិ​អប់រំ នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ ២០២៤នេះដែរ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី​កម្ពុជា បានបញ្ជាក់ថា រាជរដ្ឋាភិបាលត្រៀម​អនុវត្ត​ច្បាប់​ចំពោះ​អ្នកបំផុស​ធ្វើអ្វី​ខុស​ច្បាប់​ ឬត្រៀមធ្វើបាតុកម្មដុតប្រទេស ខណៈរាជរដ្ឋាភិបាលប្ដេជ្ញាត្រូវការពារប្រជាពលរដ្ឋ ប្រទេស​ជាតិ និងសន្ដិភាពរបស់កម្ពុជាឱ្យបានដាច់ខាត។

សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បានបញ្ជាក់ថា បច្ចុប្បន្ននេះ ក្រុមប្រឆាំងជ្រុលនិយមនៅ​ក្រៅ​ប្រទេស​មួយ​ក្ដាប់​តូច កំពុងបញ្ឆេះកំហឹង អូសទាញយុវជនឱ្យធ្វើសកម្មភាព ធ្វើបាតុកម្ម ដោយយកគំរូ​តាម​បណ្ដា​ប្រទេស​មួយចំនួននៅលើពិភពលោក។ ប៉ុន្ដែសកម្មភាពទាំងនេះ គឺជាសកម្មភាពខុសច្បាប់ រាជ​រដ្ឋាភិបាលមិនអាចអត់ឱនឱ្យជាដាច់ខាត គឺត្រូវតែអនុវត្តវិធានការច្បាប់ដើម្បីរក្សាស្ថិរភាព និង​សន្ដិភាពរបស់កម្ពុជា។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បញ្ជាក់ថា ជំហរមួយរបស់កម្ពុជានៅលើឆាកអន្តរជាតិ គឺប្រឆាំង​ការ​បំបែក​រដ្ឋ​។ បើយើងប្រកាន់ជំហរបែបនេះ គឺកម្ពុជាមិនអនុញ្ញាត​ឱ្យ​មាន​ការ​បំបែក​ខេត្ត​នៅ​កម្ពុជា​ដាច់​ខាត​។ ដូច្នេះប្រជាពលរដ្ឋសូមកុំមានកង្វល់ចំពោះរឿងបាត់ខេត្តទាំង៤របស់កម្ពុជាឱ្យសោះ។

ក្នុងឱកាសនោះសម្ដេចធិបតី ហ៊ុន ម៉ាណែត អំពានាវដល់ប្រជាពលរដ្ឋ ត្រូវមានភាពអំណត់ ជឿ​ជាក់ និងពិនិត្យមើលលទ្ធផលជាក់ស្ដែងលើការអភិវឌ្ឍខេត្តទាំង៤ នៃកិច្ចសហប្រតិបត្តិការ តំបន់ត្រីកោណអភិវឌ្ឍន៍ កម្ពុជា ឡាវ វៀតណាម CLV-DTA ថាតើមានការអភិវឌ្ឍ​បែប​ណា​នា​ពេល​ខាង​មុខ៕ អត្ថបទ៖ វ៉ន ដារ៉ា