សហរដ្ឋអាមេរិក រិះគន់ជំហរបទឈប់បាញ់ បែបជ្រុលនិយម របស់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល

មន្ត្រីរដ្ឋបាលជាន់ខ្ពស់របស់សហរដ្ឋអាមេរិកបានច្រានចោលការអត្ថាធិប្បាយដែលត្រូវបានធ្វើឡើងដោយលោកនាយករដ្ឋមន្ត្រីអ៊ីស្រាអែល Benjamin Netanyahu ដោយចោទប្រកាន់ថាបានធ្វើ សេចក្តីថ្លែងការណ៍បែបជ្រុលនិយមពុំមិនមានលក្ខណៈស្ថាបនាក្នុងការទទួលបានកិច្ចព្រមព្រៀងបទឈប់បាញ់។

ការអត្ថាធិប្បាយនេះ កើតឡើងស្របពេលមានកិច្ចខិតខំប្រឹងប្រែងខ្លាំងផ្នែកការទូតក្នុងតំបន់ដ៏តានតឹងដោយរដ្ឋមន្ត្រីការបរទេសអាមេរិកលោក Antony Blinken ខណៈក្រុងវ៉ាស៊ីនតោន ព្យាយាមជំរុញឱ្យមានវឌ្ឍនភាពទៅមុខលើកិច្ចព្រមព្រៀងបទឈប់បាញ់ និងការដោះលែងចំណាប់ខ្មាំង។

ក្រុមអាជ្ញាធរអ៊ីស្រាអែល បាននិយាយកាលពីថ្ងៃអង្គារសប្ដាហ៍នេះថា សាកសពចំណាប់ថ្នូរជនជាតិអ៊ីស្រាអែលចំនួន ៦ នាក់ ត្រូវបានគេយកចេញពីតំបន់ហ្កាហ្សា ក្នុងអំឡុងពេលប្រតិបត្តិការយោធាពេញមួយយប់ នៅក្នុងទីក្រុងខាន់យូនីស ( Khan Younis) ។កាលពីថ្ងៃចន្ទសប្ដាហ៍នេះ លោក Blinken មានកិច្ចពិភាក្សារយៈពេលបីម៉ោងជាមួយមេដឹកនាំអ៊ីស្រាអែលនៅក្រុងហ្សេរុយសាឡឹម។

ក្រោយមកលោកបាននិយាយថា លោក Netanyahu បានទទួលយកអ្វីដែលហៅថា សំណើបំពេញចន្លោះប្រហោង របស់ទីក្រុងវ៉ាស៊ីនតោន ក្នុងគោលបំណងព្យាយាមដោះស្រាយចំណុចជាប់គាំង និងនាំអ៊ីស្រាអែល និងក្រុមហាម៉ាស ខិតទៅជិតកិច្ចព្រមព្រៀងមួយ តែត្រូវបានក្រុមហាម៉ាសលើកឡើងថាជាសំណើបំពេញតែចិត្តអ៊ីស្រាអែល។

យោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយរបស់អ៊ីស្រាអែល លោក Netanyahu ក្រោយមកបានប្រាប់កិច្ចប្រជុំគ្រួសារចំណាប់ខ្មាំងថាលោកបានបញ្ចុះបញ្ចូល លោក Blinken ថាកិច្ចព្រមព្រៀងត្រូវតែមើលឃើញកងទ័ពអ៊ីស្រាអែលនៅឈរជើងក្នុងតំបន់ហ្កាហ្សា ដែលលោកបានហៅថាជា កម្លាំងយោធា និងនយោបាយ រួមទាំងនៅតាមបណ្តោយព្រំដែនភាគខាងត្បូងជាមួយអេហ្ស៊ីបផងដែរ៕