ឯកឧត្តម ឌិត ទីណា៖ កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគក្នុងការជំរុញការនាំចេញកសិផលកម្ពុជា

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទទួលជួបសម្តែងការគួរសមជាមួយ លោកជំទាវ វ៉ាឡេរៀ សឺសៀខា សាប្រៀរា (Valeria Csukasi Cabrera) ឯកអគ្គរដ្ឋទូតតែងតាំងថ្មី នៃសាធារណរដ្ឋ អ៊ុយរូហ្គាយ ប្រចាំនៅកម្ពុជា នៅរសៀលថ្ងៃទី២១ សីហា ឆ្នាំ២០២៤។

នៅក្នុងជំនួបនេះ ឯកឧត្តមរដ្ឋមន្ត្រី បានសម្តែងនូវការស្វាគមន៍ឯកអគ្គរដ្ឋទូតតែងតាំងថ្មី ក្នុងការបង្កើតកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ និងពិនិត្យលទ្ធភាពក្នុងការវិនិយោគលើវិស័យកសិកម្ម។ ជាមួយគ្នានេះ ឯកឧត្តម បានគូសបញ្ជាក់ថា កម្ពុជាបើកទូលាយ និងស្វាគមន៍អ្នកវិនិយោគក្នុងការជំរុញការនាំចេញកសិផលកម្ពុជាទៅលើទីផ្សារអន្តរជាតិ។

ចំពោះការវិនិយោគនេះទៀតសោត ឯកឧត្តមរដ្ឋមន្ដ្រី លើកទឹកចិត្តឱ្យមានការផ្តោតលើពាណិជ្ជកម្មកសិកម្ម ផ្សាភ្ជាប់នឹងនីតិវិធីច្បាប់ពិនិត្យអនាម័យ និងភូតគាមអនាម័យ។ ឯកឧត្តមបន្ថែមថា កម្ពុជាមានផលិតផលសក្តានុពលជាច្រើន ដូចជា ប្រភេទឈើហូបផ្លែ និងផលិតផលជលផល ដែលមានគុណភាពល្អ និងមានផលចំនេញ។

មួយវិញទៀត ឯកឧត្តម ឌិត ទីណា ក៏បានលើកឡើងអំពីកិច្ចការងារស្រាវជ្រាវ និងអភិវឌ្ឍដែលជារឿងសំខាន់ ហើយប្រទេសទាំងពីរអាចសហការក្នុងការផ្លាស់ប្តូរបទពិសោធន៍ និងសិក្សាបច្ចេកទេសទៅវិញទៅមក ដើម្បីអភិវឌ្ឍវិស័យកសិកម្មបង្កើនផលចំណេញ និងមានប្រសិទ្ធភាពសេដ្ឋកិច្ច៕