WHO និយាយថា ការផ្ទុះរាលដាលនៃជំងឺអុតស្វានៅទ្វីបអាហ្រ្វិក អាចបញ្ឈប់បាន

អង្គការសុខភាពពិភពលោក WHO បាននិយាយកាលពីថ្ងៃចន្ទ (២៦ សីហា) ថា ការផ្ទុះជំងឺអុតស្វា ឬហៅថាជំងឺ អឹមផក (Mpox) នៅអាហ្វ្រិកកណ្តាល «អាចត្រូវបញ្ឈប់បាន» ប៉ុន្តែមូលនិធិចំនួន ១៣៥លានដុល្លារ ត្រូវការដើម្បីដោះស្រាយការរីករាលដាលនៃជំងឺនេះ។ កាលពីដើមខែសីហា អង្គការ WHO បានប្រកាសអាសន្នសុខភាពអន្តរជាតិ បន្ទាប់ពីមានការកើនឡើងនៃករណីចម្លងទាក់ទងនឹងជំងឺអុតស្វាប្រភេទថ្មីក្នុងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ដែលចាប់តាំងពីពេលនោះមកបានរីករាលដាលហួសព្រំដែនប្រទេសរបស់ខ្លួន។

ប្រធានអង្គការ WHO លោក តេដ្រូស អាដហាណូម ហ្កេប្រេយ៉េស៊ូស (Tedros Adhanom Ghebreyesus) បាននិយាយថា «ការផ្ទុះជំងឺអុតស្វាជាថ្មីនៅកុងហ្គោ និងប្រទេសជិតខាងអាចគ្រប់គ្រងបាន ហើយក៏អាចត្រូវបញ្ឈប់បានដែរ ប៉ុន្តែការធ្វើដូច្នេះទាមទារឱ្យមានផែនការសកម្មភាពដ៏ទូលំទូលាយ និងសម្របសម្រួលដោយត្រូវការថវិកាយ៉ាងច្រើន»។

ដោយត្រូវបានចាប់ផ្តើមនៅថ្ងៃចន្ទ ផែនការត្រៀមរៀបចំ និងការឆ្លើយតបជាយុទ្ធសាស្រ្តរបស់ WHO ទៅនឹងជំងឺឆ្លងនេះ គ្របដណ្តប់រយៈពេលពីខែកញ្ញា ឆ្នាំ២០២៤ ដល់ខែកុម្ភៈ ឆ្នាំ២០២៥ ត្រូវការថវិកាចំនួន ១៣៥លានដុល្លារអាមេរិក ត្រូវការដើម្បីអនុវត្ត។ ឆាប់ៗនេះ WHO នឹងចាប់ផ្តើមការអំពាវនាវមួយដើម្បីផ្តល់ហិរញ្ញប្បទានដល់ផែនការឆ្លើយតបជាសកលមួយនេះ ដែលនឹងត្រូវបានអនុវត្តជាមួយដៃគូនានា រួមទាំងអង្គការឃ្លាំមើលសុខភាពសាធារណៈរបស់សហភាពអាហ្រ្វិកផងដែរ។ ក្នុងពេលនេះ WHO បានបញ្ចេញថវិកាប្រហែល ១,៥លានដុល្លារអាមេរិកប៉ុណ្ណោះពីមូលនិធិបម្រុងគ្រាអាសន្នរបស់ខ្លួន។

ជំងឺអុតស្វា ឬអឹមផក គឺជាជំងឺឆ្លងបង្កឡើងដោយវីរុសដែលចម្លងទៅមនុស្សតាមរយៈសត្វដែលមានមេរោគ ហើយឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតតាមរយៈការប៉ះពាល់រាងកាយជិតស្និទ្ធ។ វាបណ្តាលឱ្យក្តៅខ្លួន ឈឺសាច់ដុំ និងដំបៅស្បែក ហើយក្នុងករណីធ្ងន់ធ្ងរគឺអាចបណ្ដាលឱ្យស្លាប់បាន៕