នាយឧត្តមសេនីយ៍ ទៀ សីហា៖ ការកសាងកិច្ចសហប្រតិបត្តិការសន្តិសុខមានសារៈសំខាន់សម្រាប់សន្តិភាព

ភ្នំពេញ៖ ថ្លែងនៅក្នុងកិច្ចប្រជុំកំពូលសន្តិសុខអាស៊ី លើកទី២១ ឬដែលគេហៅថាកិច្ចសន្ទនាសាំងត្រីឡានៅប្រទេស សិង្ហបុរីនាថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៤នេះ ដោយមានប្រមុខការពារជាតិជាង ៥០ប្រទេសចូលរួមនោះ នាយ ឧត្តមសេនីយ៍ទៀ សីហា ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្រ្តីក្រសួងការពារជាតិកម្ពុជាបានលើកឡើងថា ការកសាង កិច្ចសហប្រតិបត្តការសន្តិសុខគឺវាពិតជាមានសារៈសំខាន់បំផុតសម្រាប់សន្តិភាព នៃប្រទេសនីមួយៗនៅ លើសកលលោក។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបញ្ជាក់ថា« ការកសាងកិច្ចសហប្រតិបត្តិការសន្តិសុខ មានសារៈសំខាន់សម្រាប់សន្តិភាព និងសន្តិសុខការលើកកម្ពស់នូវយន្តការពហុភាគីនិយមដែលមានស្រាប់ ដូចជាកិច្ចសហ-ប្រតិបត្តិការកម្រិតតំបន់ ហើយដែលមានអាស៊ានជាស្នូលនៅតំបន់អាស៊ី-ប៉ាស៊ីហ្វិក គប្បីជាកិច្ចការចម្បងមួយ។ យើងគួរតែពង្រឹងនិងប្រើប្រាស់ចំណុចខ្លាំងរបស់អាស៊ានក្នុងការទាក់ទាញប្រទេសផ្សេងៗមកចូលរួមក្នុងកិច្ចប្រជុំអាស៊ាននិងកិច្ចប្រជុំពាក់ព័ន្ធ ដើម្បីលើកកម្ពស់ទំនុកចិត្ត និងភាពជឿជាក់គ្នា ក៏ដូចជាសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការក្នុងតំបន់»។

នៅក្នុងកិច្ចសន្ទនាជាប្រចាំឆ្នាំនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា អាស៊ាននៅតែជាវេទិកា នៃកិច្ចសន្ទនាឈានមុខគេសម្រាប់ការលើកកម្ពស់កិច្ចសហប្រតិបត្តិការសន្តិសុខនៅអាស៊ី-ប៉ាស៊ីហ្វិក ដោយសារតែគោលការណ៍បើកចំហ បរិយាបន្ន និងតម្លាភាព ហើយក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាចង់ឃើញដៃគូអាស៊ានបន្តគាំទ្រនិងប្រកាន់ខ្ជាប់នូវមជ្ឈភាព និងឯកភាពអាស៊ាន។ នាយឧត្តមសេនីយ៍បានសង្កត់ធ្ងន់ថា«ការបែកបាក់របស់អាស៊ាន នឹងនាំទៅរកផលប៉ះពាល់អវិជ្ជមានមិនត្រឹមតែចំពោះសមាជិកអាស៊ានតែប៉ុណ្ណោះទេ វានឹងកើតចំពោះប្រទេសដទៃទៀតនៅក្នុងតំបន់អាស៊ី-ប៉ាស៊ីហ្វិកផងដែរ»។

នាយឧត្តមសេនីយ៍ ទៀ សីហា បានបន្ថែមទៀតថាកម្ពុជាពិតជាមានមោទនភាពក្រៃលែងដែលបានចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់តំបន់ក្នុងការស្វែងរកសន្តិសុខ និងសន្តិភាពដ៏រឹមាំចាប់តាំងពីថ្ងៃដំបូងដែលកម្ពុជាបានចូលជាសមាជិកអាស៊ាន។ ចាប់តាំងពីពេលនោះមក កម្ពុជាក៏បានធ្វើការរួមចំណែកប្រកបដោយការស្ថាបនានិងសារៈសំខាន់ជាច្រើនដល់កិច្ចសហប្រតិបត្តិការរបស់អាស៊ានលើគ្រប់វិស័យ។ ជាក់ស្តែង សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់បណ្តាភាគីនៅសមុទ្រចិនខាងត្បូង (DOC) គឺសម្រេចបាននៅក្រោមភាពជាប្រធានអាស៊ានរបស់កម្ពុជានៅឆ្នាំ២០០២ហើយនៅក្នុងអំឡុងពេលកម្ពុជាធ្វើជាប្រធានកិច្ចប្រជុំកំពូលអាស៊ាននៅឆ្នាំ២០១២ សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា បានផ្តួចផ្តើមការបង្កើតមជ្ឈមណ្ឌលតំបន់អាស៊ានសម្រាប់សកម្មភាពមីន ដែលបានដើរតួនាទីជាមជ្ឈមណ្ឌលឧត្តមភាព ចែករំលែកឧត្តមានុវត្តលើកិច្ចការបោសសម្អាតមីន និងកាកសំណល់សង្គ្រាមដល់ប្រទេសសមាជិកអាស៊ាន។

លើសពីនេះនៅក្នុងឆ្នាំ២០២២ កម្ពុជាក៏បានរៀបចំគំនិតផ្តួចផ្តើមជាក់ស្តែងចំនួន៣ ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែងនៅក្នុងអាស៊ាន រួមមានកិច្ចសហប្រតិបត្តិការទប់ស្កាត់ជំងឺរាតត្បាតឆ្លងដែន ការលើកកម្ពស់យន្តការគាំទ្រដល់កម្លាំងថែរក្សាសន្តិភាពជាស្ត្រីរបស់អាស៊ាន និងកិច្ចសហការរវាងស្ថាប័នអប់រំយោធាអាស៊ាន។ គំនិតផ្តួចផ្តើមទាំងនេះ បាននឹងកំពុងអនុវត្ត ហើយយើងសង្ឃឹមថានឹងមានឱកាសសហការជាមួយនឹងប្រទេសជាដៃគូដទៃទៀតដើម្បីពង្រឹងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះ ជាពិសេសការលើកកម្ពស់ការគាំទ្ររបៀបវារៈស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ (WPS)។

នៅក្នុងឱកាសនោះដែរ នាយឧត្តមសេនីយ៍ ទៀ សីហា ក៏បានលើកឡើងផងដែរថា នៅចំពោះមុខស្ថានភាពភូមិសាស្ត្រនយោបាយ ដែលមានការវិវត្តយ៉ាងឆាប់រហ័សវាពិតជាមានសារៈសំខាន់ខ្លាំងណាស់ក្នុងការទទួលស្គាល់នូវគុណតម្លៃ គោរពសិទ្ធិ ការពារអធិបតេយ្យ និងឯករាជ្យភាពរបស់បណ្តាប្រទេសតូចៗ។ កម្ពុជាបានផ្តល់តម្លៃនិងគាំទ្រទៅលើយន្តការពហុភាគីនិយមដែលមានសារៈសំខាន់ជាអនេកតាមរយៈក្របខ័ណ្ឌអន្តរជាតិ និងអាស៊ានដើម្បីធានាថាយើងទាំងអស់គ្នាអាចសម្រេចបាននូវយន្តការកិច្ចសហប្រតិបត្តិការដែលផ្តល់នូវគុណប្រយោជន៍រួម។ ការអភិវឌ្ឍនិងសន្តិភាពរបស់យើង គឺអាស្រ័យទៅលើការគោរពប្រកាន់ខ្ជាប់នូវច្បាប់អន្តរជាតិ ជាពិសេសធម្មនុញ្ញអ.ស.ប និងធម្មនុញ្ញអាស៊ាន។ ពាក់ព័ន្ធនឹងចំណុចនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានលើកឡើងយ៉ាងច្បាស់ថា កម្ពុជាបានប្តេជ្ញាគាំទ្រសណ្តាប់ធ្នាប់អន្តរជាតិដែលផ្អែកលើច្បាប់អន្តរជាតិ ហើយចាប់ពីពេលនេះតទៅមុខកម្ពុជានៅតែបន្តការបរិច្ចាកកម្លាំងកងរក្សាសន្តិភាពឱ្យចូលរួមក្នុងប្រតិបត្តិការរក្សាសន្តិភាពរបស់អ.ស.ប ហើយនេះគឺជាភុស្តតាងនៃការប្តេជ្ញាចិត្តដ៏មុតមាំរបស់កម្ពុជាចំពោះសន្តិសុខនិងសន្តិភាពសកល។ ម្យ៉ាងទៀត យើងនឹងនៅតែបន្តគាំទ្រសកម្មភាពពហុភាគីនិយម ជាពិសេស ផ្អែកលើការចារចាកិច្ចសន្ទនា និងការពិគ្រោះយោបល់ដែលអាចរួមចំណែកជាវិជ្ជមានដល់ការដោះស្រាយជម្លោះទាំងនៅក្នុងនិងក្រៅតំបន់ដោយផ្អែកលើគុណតម្លៃសន្តិភាព ដំណោះស្រាយឈ្នះ ឈ្នះ និងគោលការណ៍ការគោរពគ្នាទៅវិញទៅមក៕អត្ថបទ៖ បាន ចក់


Comments

Leave a Reply

Your email address will not be published. Required fields are marked *