សកលវិទ្យាល័យ AUPP និងក្រុមហ៊ុន Next Make របស់ជប៉ុន ចុះកិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី Japanese IT Academic Pathway

នាព្រឹកថ្ងៃទី២៧ ខែសីហា​ ឆ្នាំ២០២៤នេះ សកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) និងក្រុមហ៊ុន Next Make របស់ជប៉ុន បានចុះហត្ថលេខាលើ កិច្ចព្រមព្រៀង​ស្តីពី​កម្មវិធី Japanese IT Academic Pathway ក្រោមវត្តមាន ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួង​ប្រៃសណីយ៍​និងទូរគមនាគមន៍ និងឯកឧត្តម អ៊ូអិណុ អាត់ស៊ូស៊ី(UENO Atsushi) ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពជប៉ុនប្រចាំកម្ពុជា, ឯកឧត្តម តាកាហាសី ហ៊្វូមីអាគី (Takahashi Fumiaki) អតីតឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងបច្ចុប្បន្ន​ជា​ប្រធាន​សមាគម​ជប៉ុន-កម្ពុជាថ្នាក់ដឹកនាំ ក.ប.ទ. ថ្នាក់ដឹកនាំសមាគមជប៉ុន-កម្ពុជា សាស្ត្រាចារ្យ និងនិស្សិតនៅ AUPP។

កម្មវិធីនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជ្រើសរើសនិស្សិតដែលកំពុងសិក្សានៅ AUPP ឱ្យរៀនបន្ថែមភាសាជប៉ុន និងការអនុវត្តជំនាញឌីជីថលជាក់ស្តែងនៅជប៉ុន ហើយនៅពេល​បញ្ចប់​ការសិក្សា គឺនិស្សិតអាចទៅធ្វើការនៅប្រទេសជប៉ុន ដោយទទួលបានប្រាក់បៀវត្សខ្ពស់ និងបទ​ពិសោធល្អ ស្របពេលដែលជប៉ុនមានតម្រូវការធនធានមនុស្សជំនាញឌីជីថលប្រមាណ ៧០ ម៉ឺននាក់ រហូតដល់ឆ្នាំ២០៣០។

នៅក្នុងឱកាសនេះដែរ ឯកឧត្តមរដ្ឋមន្ត្រី ជា វ៉ាន់ដេត បានមានប្រសាសន៍ថា ក្នុងជំហានដំបូងនេះ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជួយជំរុញនិងគាំទ្រយ៉ាងពេញទំហឹង ធ្វើយ៉ាងណាឱ្យកម្មវិធីនេះអាចដំណើរការទៅបានដោយជោគជ័យ និងមានភាពរលូន រួមចំណែកបង្កើនមូលធនមនុស្សឌីជីថលកម្ពុជា និងលើកកម្ពស់ សេដ្ឋកិច្ចជាតិ។ សម្រាប់ឆ្នាំទី១ កម្មវិធីនឹងជ្រើសរើសបេក្ខភាពចេញពីនិស្សិតដែលកំពុងសិក្សានៅ AUPP ហើយនៅឆ្នាំបន្តបន្ទាប់ នឹងពង្រីកវិសាលភាពទៅដល់គ្រឹះស្ថានឧត្តមសិក្សា ៥ បន្ថែមទៀត។ ឯកឧត្តមឯកអគ្គរាជទូត បានកោតសរសើរចំពោះសមិទ្ធផលជាផ្លែផ្កានេះ និងគាំទ្រចំពោះការរៀបចំកម្មវិធីដ៏មានសារៈសំខាន់មួយនេះ។