ពីឡុតយន្តហោះ F-16 របស់អ៊ុយក្រែន បានស្លាប់ ក្នុងពេលទប់ការវាយប្រហាររបស់រុស្ស៊ី

យោធារបស់ទីក្រុងគីវ បាននិយាយថា យន្តហោះចម្បាំង F-16 មួយគ្រឿងរបស់អ៊ុយក្រែនបានធ្លាក់ ខណៈពេលទប់ទល់ការវាយប្រហារដ៏ធំរបស់រុស្ស៊ី កាលពីថ្ងៃចន្ទសប្ដាហ៍នេះ ដែលជាការខាតបង់លើកដំបូង ចាប់តាំងពីយន្តហោះចម្បាំងផលិតដោយសហរដ្ឋអាមេរិកប្រភេទនេះត្រូវបានបញ្ជូនទៅដល់ក្នុងខែនេះ ដែលអ៊ុយក្រែន បានទន្ទឹងរង់ចាំជាយូរមកហើយ។

អគ្គសេនាធិការអ៊ុយក្រែន បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៩ សីហា) នៅលើបណ្ដាញសង្គមហ្វេសប៊ុក (Facebook) ថា យន្តហោះបានធ្លាក់ ហើយអ្នកបើក (ពីឡុត) បានស្លាប់ ខណៈពេលខិតទៅជិតគោលដៅរបស់រុស្ស៊ី។ យន្តហោះចម្បាំង F-16 មួយគ្រឿងនោះបាន «បង្ហាញប្រសិទ្ធភាពខ្ពស់» និងបានបាញ់ទម្លាក់មីស៊ីលរុស្ស៊ីចំនួន ៤គ្រាប់ អំឡុងពេលដែលរុស្ស៊ី បាញ់មីស៊ីល និងយានដ្រូនជាង ២០០គ្រឿងក្នុងថ្ងៃនោះសំដៅលើបណ្ដាញថាមពល។

មន្ត្រីការពារជាតិអាមេរិកម្នាក់បានប្រាប់សារព័ត៌មានរ៉យទ័រថា គ្រោះថ្នាក់ធ្លាក់កាលពីថ្ងៃចន្ទនោះហាក់មិនមែនមកពីការបាញ់ប្រហាររបស់រុស្ស៊ីទេ ហើយលទ្ធភាពនៃមូលហេតុដែលអាចមកពីកំហុសបច្ចេកទេសរបស់ពីឡុត រហូតដល់ការបរាជ័យផ្នែកមេកានិច កំពុងត្រូវស៊ើបអង្កេតនៅឡើយ។ អ៊ុយក្រែនមិនបានផ្តល់ព័ត៌មានលម្អិតពីទំហំនៃកងយន្តហោះចម្បាំងថ្មីរបស់ខ្លួនទេ ទោះបីជាការបាត់បង់នេះបានធ្វើឱ្យមានការប៉ះពាល់ខ្លាំងក៏ដោយ។ សារព័ត៌មានអង់គ្លេស The Times of London បានដកស្រង់ប្រភពមួយថា អ៊ុយក្រែនមានយន្តហោះ F-16 ចំនួន ៦គ្រឿងប៉ុណ្ណោះ។

ទីក្រុងគីវ បាននិងកំពុងជំរុញឱ្យសម្ព័ន្ធមិត្តផ្គត់ផ្គង់យន្តហោះទំនើបៗចាប់តាំងពីការចាប់ផ្តើមនៃប្រតិបត្តិការយោធារបស់រុស្ស៊ី ដើម្បីពង្រឹងកងយន្តហោះចម្បាំងដ៏តូច និងចំណាស់ក្រោយសម័យសូវៀតរបស់ខ្លួន។ មុនពេលទីក្រុងគីវ ទទួលបានយន្តហោះចម្បាំង F-16 នៅឆ្នាំនេះ រុស្ស៊ីមានប្រៀបយ៉ាងឃ្លាំងលើប្រព័ន្ធការពារ ហើយអ៊ុយក្រែន ត្រូវប្រើកម្លាំងទ័ពអាកាសដ៏ទ្រុឌទ្រោមរបស់ខ្លួនដើម្បីទប់ទល់យ៉ាងលំបាក៕