[UPDATE] មនុស្សយ៉ាងហោចណាស់ ៥២នាក់ បានស្លាប់ដោយសារទឹកជំនន់នៅបង់ក្លាដែស

យោងតាមរបាយការណ៍របស់ក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយ ចំនួនអ្នកស្លាប់ដោយសារទឹកជំនន់ដ៏មហន្តរាយដែលបានវាយលុកភាគអាគ្នេយ៍ប្រទេសបង់ក្លាដែសអស់រយៈពេលជាច្រើនសប្តាហ៍បានឡើងដល់ ៥២ នាក់កាលពីថ្ងៃព្រហស្បតិ៍ សប្ដាហ៍នេះ ខណៈមនុស្សរាប់លាននាក់នៅតែត្រូវបានកាត់ផ្តាច់ពីផ្នែកខ្លះនៅក្នុងតំបន់មួយចំនួននៃប្រទេសនេះ។

យោងតាមមជ្ឈមណ្ឌលសម្របសម្រួលការឆ្លើយតបគ្រោះមហន្តរាយជាតិ ក្រោមឱវាទក្រសួងគ្រប់គ្រងគ្រោះមហន្តរាយ និងជំនួយបានឱ្យដឹងថា មនុស្សចំនួន ២១ នាក់ទៀតបានស្លាប់ដោយសារទឹកជំនន់ ត្រូវបានរាយការណ៍នៅក្នុងប្រទេសបង់ក្លាដែស កាលពីថ្ងៃព្រហស្បតិ៍នេះដែរ ដោយបានបង្កើនចំនួនអ្នកស្លាប់ដោយសារទឹកជំនន់នាពេលបច្ចុប្បន្ននេះឡើងដល់ ៥២ នាក់។

ប្រជាជនជាង ៥ លាននាក់បានរងផលប៉ះពាល់ដោយទឹកជំនន់ដែលបានវាយប្រហារស្រុកចំនួន ១១ ក្នុងចំណោមស្រុកសរុបចំនួន៦៤ របស់ប្រទេសនេះ ហើយបានបង្កការខូចខាតយ៉ាងធ្ងន់ធ្ងរដល់អាយុជីវិត ទ្រព្យសម្បត្តិ និងដំណាំស្រូវ។

របាយការណ៍បាននិយាយថាមនុស្សជាងកន្លះលាននាក់ ដែលរងគ្រោះដោយទឹកជំនន់ រួមទាំងស្ត្រី និងកុមារ បានជ្រកកោននៅក្នុងមណ្ឌលស្នាក់នៅបណ្ដោះអាសន្នចំនួន ៣.៤០៣កន្លែង៕